ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២នេះ ក្រសួងពាណិជ្ជកម្ម កម្ពុជា បានសម្ភោធពិព័រណ៍
ផលិតផល នាំចេញ-នាំចូល និងខេត្ត១ផលិតផល១ របស់កម្ពុជា លើកទី៧ នាឆ្នាំ២០១២នេះ
ដោយសំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងដើម្បីបង្កើនការនាំចេញ
ក្នុងការចូល រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ នៅក្នុងកម្មវិធី
សម្ភោធពិព័រណ៍ ផលិតផលនាំចេញ-នាំចូល និង ខេត្ត១ ផលិតផល១ របស់កម្ពុជា លើកទី៧
នាឆ្នាំ២០១២ នៅប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ នាថ្ងៃទី១៥
ខែធ្នូនេះថា ពិព័រណ៍ផលិតផល នាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី៧ ឆ្នាំ
២០១២នេះ នឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២នេះ ដោយក្រសួង
ពាណិជ្ជកម្មកម្ពុជា សំដៅជួយជំរុញ សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងដើម្បី
បង្កើនការនាំចេញ ក្នុងការ ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
លោកបន្តថា «ការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះ គឺសំដៅលើកស្ទួយបន្ថែមទៀត នូវយុទ្ធនាការ
រួមគ្នា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម ឲ្យកាន់តែ ទូលំទូលាយឡើង ក្នុងចំណោមបណ្តាប្រទេស
នានា នៅក្នុងតំបន់ និងនៅលើសកលលោក»។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជាបានថ្លែងក្នុងឱកាសនោះដែរថា
«ពិព័រណ៌ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ ត្រូវបានបង្កើតឡើង ដើម្បីជំរុញសកម្
មភាពធុរកិច្ច លើផ្នែកនាំចេញ និងនាំចូល ហើយក្នុងពេលជាមួយយគ្នានេះ ក៏ផ្តល់ឲ្យបណ្តា ពាណិជ្ជ
កម្ម និងអ្នកប្រើប្រាស់ទាំងអស់ទទួលស្គាល់ និងគាំទ្រដល់ការប្រើប្រាស់ទំនិញ និងសេវាកម្មក្នុងស្រុក
ដែលមានគុណភាព»។
លោកបន្តថា កម្ពុជា គឺជាប្រទេសមួយ មានសក្តានុពលសម្បូរបែប ដែលមិនទាន់ត្រូវបានប្រើប្រាស់
នៅឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជា បាន ប្តេជ្ញាចិត្ត ដើម្បីបន្តអនុត្តន៍កំណែទម្រង់ ឲ្យបានស៊ីជម្រៅ ដើម្បីកែលម្អបរិយាកាសធុរកិច្ចក្នុងស្រុក និងបន្តផ្តោតការយកចិត្តទុក ដាក់លើការ សម្របសម្រួលពា
ណិជ្ជកម្ម សំដៅកាត់បន្ថយការចំណាយ ក្នុងការធ្វើធុរកិច្ច ជាពិសេសការចំណាយ ដែលពាក់ព័ន្ធដល់
កិច្ចប្រតិបត្តិការនាំចេញ និងនាំចូលទាំងអស់ ដើម្បីទាញយកនូវសក្តានុពលទាំងនោះ។
លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបន្ថែមថា ដើម្បីធានាឲ្យបាន នូវលទ្ធផលប្រកបដោយប្រសិទ្ធភាព
ក្នុងការរៀបចំ ពិព័រណ៌ផលិតផល នាំចេញ-នាំចូល និងខេត្ត១ ផលិតផលកម្ពុជាលើកទី៧ ឆ្នាំ២០១២
នេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំឲ្យមានព្រឹត្តិការណ៍ផ្សេងៗទៀត អមជាមួយ ដូចជា វេទិការធុរកិច្ច
និងវិនិយោគសិក្ខាសាលា កិច្ចពិភាក្សាផ្នែកធុរកិច្ច វេទិការជំនួបពាណិជ្ជកម្ម ពិធីចុះហត្ថលេខាលើអនុ
សារណៈនានា និងសកម្មភាព ជំរុញពាណិជ្ជកម្ម។
ពិព័រណ៌ផលិតផល នាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ របស់កម្ពុជា លើកទី៧ នាឆ្នាំ២០១២នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និង ការចូលរួមដ៏សកម្ម របស់បណ្តាប្រទេសនានា ចំនួន២១
ដែលមានដូចជា ប្រទេសឡាវ ម៉យ៉ាន់ម៉ា វៀតណាម ថៃ ចិន ជប៉ុន កូរ៉េ អ៊ីតាលី ឥណ្ឌូណេស៊ី សីង្ហបុរី
អង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។
ពិព័រណ៍ផលិតផល នាំចេញ-នាំចូល និងខេត្ត១ផលិតផល១ របស់កម្ពុជា លើកទី៧ នាឆ្នាំ២០១២នេះ
មានក្រុមហ៊ុនចំនួន ២៧៦ក្រុមហ៊ុន ដែលបាន ចូលរួម ដោយមានស្តង់សរុបចំនួន ៤០៧ស្តង់ ដែលមាន
ដាក់តាំងបង្ហាញ នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទផងដែរ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល