CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីរំលោភ សេពសន្ថវៈ រហូតមាន ផ្ទៃពោះ ៥ខែ

កំពត៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ត្រូវនគរបាលនៃការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ខេត្ត បាននិងកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនឡើងតុលាការ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ស្អែកនេះ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាត់ ជីម ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិទួលដូនតី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត រីឯនារីរងគ្រោះឈ្មោះ អ.ជ អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំដូចគ្នាដែរ។

មន្ត្រីនគរបាលដដែលបន្តថា បន្ទាប់ពីមានពាក្យបណ្តឹង ពីឪពុកម្តាយរបស់ជនរងគ្រោះ ដល់កម្លាំងសមត្ថកិច្ច នគរបាលមូលដ្ឋានរួចមក គឺធ្វើឲ្យកម្លាំងនគរបាលស្រុកឈូក សហការនឹងកម្លាំងនគរបាលមូលដ្ឋាន ចុះឃាត់ខ្លួនជនសង្ស័យខាងលើ តាមពាក្យបណ្តឹង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ ឃុំខាងលើ បន្ទាប់មកបញ្ជូនខ្លួន មកសាកសួរនៅការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តភ្លាម ដើម្បីចាត់តាមផ្លូវច្បាប់។

ប្រភពពីនារីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤នោះ ខណៈនាងកំពុងលាងចានឆ្នាំងក្នុងរោងបាយ ស្រាប់តែឃើញជនសង្ស័យខាងលើ បានដេញប្អូនប្រុសខ្លួនចេញ បន្ទាប់មកជនសង្ស័យរូបនេះ ក៏បានធ្វើសកម្មភាព ឡើងចាប់រំលោភ
នាងរហូតបានសម្រេច។ ក្រោយពីរំលោភរួច បានគំរាមនារីរងគ្រោះថា មិនឱ្យនាងយករឿងនេះ ទៅប្រាប់អ្នកដទៃនោះទេ បើហ៊ានប្រាប់គេនោះ រូបគេនឹងសម្លាប់អស់មួយពូជ ។

ដោយខ្លាចការគំរាមកំហែងនេះ ជនរងគ្រោះក៏ចេះតែលាក់រឿងនេះរហូត ហើយជនសង្ស័យរូបនេះ ក៏ចេះតែមកស្ទាក់ចាប់រំលោភជាញឹកញាប់ ក្នុងផ្ទះ ក្នុងព្រៃ តាមតែអំពើចិត្ត ឲ្យតែខ្លួនចង់ និងមានឱកាសនោះ ប៉ុន្តែត្រូវបែកការដល់ឪពុកម្តាយ ហើយឪពុកម្តាយ ក៏នាំនារីរងគ្រោះយកទៅពិនិត្យនៅមន្ទីរពេទ្យទើបដឹងថា នាងមានផ្ទៃពោះ៥ខែ ហើយក៏ប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់តែម្តងទៅ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Socail News Cambodia kampot