(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់៣ ខណ្ឌទួលគោក បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីបានទិញភេសជ្ជៈហ្សែនយ៉ា ចំនួន២៤៤កេស តម្លៃ២១០០ដុល្លារ មិនឲ្យលុយម្ចាស់ទំនិញ ដោយបានយកលុយជាង១ពាន់ដុល្លារ នេះទៅលេងល្បែងចាញ់ អស់ទើបគ្មានលុយសង។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅម្តុំផ្សារដំបូលខៀវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់ វេលាម៉ោង៩យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ទើបរងគ្រោះឃើញ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកល្អក់៣ ធ្វើការឃាត់ខ្លួន នៅចំណុចផ្សារហេងលី។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ខា ដាវីត អាយុ៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រុកកំណើត ភូមិជុំរុំសាយធូ សង្កាត់អំពិល ក្រុងបាត់ដំបងខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ លី ស្រីពេជ្រ អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យជាម៉ូយបោះដុំទំនាក់ទំនងគ្នាជាយូរមកហើយ។ លោកបន្តថា នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅវេលាម៉ោងប្រហែល០២៖៣០នាទី ឈ្មោះ ខា ដាវីត បានមកជឿរហ្សែនយ៉ា របស់គាត់ចំនួន២៤៤កេស គិតជា ទឹកប្រាក់ស្មើនិង២១០០ដូល្លារ ដោយប្រាប់ថារយៈពេល១ម៉ោងក្រោយ និងយកលុយមកឲ្យដោយសារជឿរទុកចិត្ត និងជាម៉ូយផងនោះ រួបគាត់ក៏ព្រមឲ្យទៅ។
លុះដល់វេលាកំណត់បែរជាមិនឃើញយកលុយមកឲ្យ ខលទៅក៏មិនចូលរហូតមកដល់ថ្ងៃទី៧ ខែដដែល ទើបប្រទះឃើញនៅម្តុំផ្សារ ហេងលី ទើបប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក៣ ឲ្យឃាត់ខ្លួនតែដោយសារតែរឿងហេតុកើតឡើង នៅមូលដ្ឋានប៉ុស្តិ៍ចោមចៅ ទើបសមត្ថកិច្ច ប៉ុស្តិ៍ទឹកល្អក់៣ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅដោះស្រាយ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា លុយដែលលក់ឥវ៉ាន់បានចំនួនជាង១ពាន់ដុល្លារ ហើយបានយកទៅលេងល្បែង ចាញ់អស់ទើបគ្មានលុយសងទៅលើម្ចាស់បំណុល។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំដោះស្រាយបន្ត៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី