(ព្រះសីហនុ)៖ មន្ត្រីកាំកុងត្រូល នៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ បានអញ្ជើញចុះបង្រៀនសិស្សសាលាបឋមសិក្សាព្រៃនប់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យជ្រើសរើសចំណីអាហារ ដែលមិនឲ្យប៉ះពាល់សុខភាព។
លោក ប៉ែន ប៊ុនធឿន នាយករងសាលាបឋមសិក្សាព្រៃនប់ បានឲ្យដឹងថា នៅក្នុងសាលារបស់លោកមានសិស្ស ដែលកំពុងសិក្សាមានចំនួន ៦៨៧នាក់ ចែកចេញជាពីរវេនព្រឹក និងល្ងាច។
លោក ប៉ែន ប៊ុនធឿន បានបន្ថែមថា ជារាល់ព្រឹកពេលគោរពទង់ជាតិ សាលាតែងណែនាំឲ្យសិស្សត្រូវចេះមានអនាម័យ ឬ មុនញ៉ាំចំណីអា ហារត្រូវលាងដៃជាដើម។ លោកនាយករង ក៏បានថ្លែងអំណរគុណដល់ក្រុមមន្ត្រី ដែលបានចុះមកបង្រៀនដោយផ្ទាល់ ដោយបានយកផលិត ផលនានា ដែលខូចគុណភាព ឬ ហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម មកបង្រៀនងាយស្រួលដល់កូនសិស្សតូចៗងាយយល់ និងឆាប់ចាំផងដែរ។
លោក ជា ប៉ិច អនុប្រធានកាំកុងត្រូលសាខាខេត្តព្រះសីហនុ បានថ្លែងថា អនុវត្តតាមទិសដៅរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលដាក់ចុះមកឲ្យត្រួតពិនិត្យតាមច្រកចេញចូល និង តាមទីផ្សារ ព្រមទាំងដល់អ្នកប្រើប្រាស់ផងដែរ។ កន្លងមកលោកបានចុះទៅបង្រៀនសិស្សានុសិស្សនៅស្រុកស្ទឹងហាវ ហើយនៅថ្ងៃនេះទៀត លោកបានចុះមកបង្រៀនសិស្សនៅសាលាបឋមសិក្សាព្រៃនប់បន្តទៀត ហើយជាពិសេសទៅថ្ងៃមុខតទៅទៀត នឹងចុះទៅបង្រៀនតាមបណ្តាស្រុកផ្សេងទៀត ក្នុងខេត្តព្រះសីហនុផងដែរ។
លោក ជា ប៉ិច បានថ្លែងបន្តថា គោលបំណង នៃការចុះមកបង្រៀននេះ ដើម្បីឲ្យកូនសិស្សតូចៗចេះជ្រើសជើសចំណីរអាហារ នំ ឬ ភេសជ្ជៈ ដែលមិនប៉ះពាល់ដល់សុខភាព ហើយត្រូវចេះត្រួតពិនិត្យមើលដូចជា កំប៉ុងច្រេះ កំពិត ស្លាកសញ្ញា រួមទាំងកាលបរិច្ឆេទផលិតអោយត្រឹមត្រូវជាដើម ។
លោក ជា ប៉ិច បានសំណូមពរដល់មាតាបិតាសិស្ស ជាពិសេសលោកគ្រូ អ្នកគ្រូ រួមទាំងអ្នកលក់នំក្នុងសាលា ត្រូវរៀបចំទុកដាក់នំចំណីឲ្យ បានត្រឹមត្រូវកុំឲ្យត្រូវថ្ងៃជាដើម ដើម្បីកុំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ក្នុងនោះ កាំកុងត្រូលខេត្តព្រះសីហនុ ក៏មានខ្សែទូរស័ព្ទចំនួន៣ខ្សែផងដែរ សម្រាប់ប្រជាពលរដ្ឋ ដែលជួបប្រទះផលិតផលម្ហូបអាហារ នំចំណីរ ឬ ភេសជ្ជៈ ដែលមិនប្រក្រតី ឬអ្នកពុលចំណីក្តីសូមទាក់ទងទូរស័ព្ទលេខ៖ ០៩៨ ៥៥៥ ៦៦៦, ០១២ ៩៧៥ ៦៥៧, ០១៧ ៤៤៣ ៧៣៧៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី