CamNews

ព័ត៌មានជាតិ 

អភិបាលរាជធានី អះអាងថា បញ្ហាដីធ្លី​នៅតំបន់​បឹងកក់ និងបុរី​កីឡា បាន​បញ្ចប់​ហើយ

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអះអាងថា បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់ និងបុរីកីឡា ពេលនេះត្រូវបានកាត់ផ្តាច់ហើយ។ លោកបានបង្ហាញពី​មោទន​ភាពរបស់​អាជ្ញាធរ ដែលបានខិតខំដោះស្រាយបញ្ហាទាំងនេះរហូតបានសម្រេច។

នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស បានសរសេរថា «ខ្ញុំពិតជាមានមោទនភាពជាមួយនឹងក្រុមការងារទាំងអស់ ដែលខិតខំប្រឹង​ប្រែង​ផ្តាច់​បាន​នូវបញ្ហាបុរីកីឡា និងបញ្ហាបឹងកក់ ប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានេះ ខ្ញុំសូមប្តូរពាក្យផ្តាច់២ ទៅជាផ្តល់២ វិញម្តង គឺផ្តល់សេវាឱ្យបានកាន់តែល្អ និងផ្តល់ដំណោះ​ស្រាយ​នូវរាល់សំណូមពរ​ទាំង​ឡាយរបស់​បង​ប្អូន​ប្រជាពលរដ្ឋយើង»

បញ្ហាដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡា បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីអាជ្ញាធរអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចូលអភិវឌ្ឍ។ មុននឹងដោះស្រាយបញ្ចប់​បញ្ហាដីធ្លីនៅ​តំបន់​នេះ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ បានធ្វើការតវ៉ាជាបន្តបន្ទាប់ទាមទារឱ្យមានដំណោះស្រាយសមស្រប។  កន្លងមកក៏មានសកម្មជនដីធ្លីតំបន់នេះខ្លះ ត្រូវបានចាប់ខ្លួនដោយ សមត្ថកិច្ចផង​ដែរ៕





ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញូវអាសុី 


Tags: Local News Phnom Penh