CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ទៀត ត្រូវបានគ្រូពេទ្យ អះអាងថា ស្លាប់ដោយសារជំងឺ H5N1 ក្នុងមន្ទីរ ពេទ្យកាល់ម៉ែត

- មន្ទីរពេទ្យកាល់ម៉ែត ទារថ្លៃដឹកសព ៤០ដុល្លារ ខណៈក្រុមគ្រួសារសព សូមអង្វរព្រោះ
គ្មានលុយ

ភ្នំពេញៈ បុរសម្នាក់ទៀតហើយត្រូវបានក្រុមគ្រូពេទ្យ បញ្ជាក់ថា បានស្លាប់ដោយសារជំងឺផ្តាសាយ
បក្សី H5N1 កាលពីវេលាម៉ោង ១១ និង៤៦នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៅក្នុងមន្ទីរពេទ្យ
កាល់ម៉ែត បន្ទាប់ពីក្រុម គ្រូពេទ្យព្យាយាមជួយសង្គ្រោះអស់រយៈពេលជាច្រើនថ្ងៃ។

បើតាមស្រ្តីជាបងស្រ្តីជនរងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃអង្គារ ទី២៦
ខែកុម្ភៈ ឆ្នាំ ២០១៣ថា ប្អូនប្រុសរបស់គាត់ ឈ្មោះ ធឿន ឌឿន អាយុ ៣៥ឆ្នាំ មកពីខេត្តកំពង់ចាម
បានមានអាការៈជំងឺផ្តា សាយបក្សី ហើយបានមកសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត
អស់រយៈពេល៣យប់៣ថ្ងៃ តែមិនអាច ជួយសង្រ្គោះបានទេ។

ជនរងគ្រោះ ធឿន ឌឿន អាយុ ៣៥ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ បានប៉ះ
ពាល់សត្វទា ងាប់ និងបានយកទានោះធ្វើម្ហូប កាលពីថ្ងៃទី៦ ខែកុម្ភៈ។ លុះរំលងបាន២ថ្ងៃ បុរស
នោះ បានធ្លាក់ខ្លួនឈឺ ដែល មានអាការៈ ក្តៅខ្លួន ក្អក ហត់ ហ៊ាសំបោរ ហើយបានព្យាបាលនៅផ្ទះ
តែអាការៈជំងឺមិនបានធូស្បើយ ទើបញ្ជូនមក មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងបន្តរហូតដល់មន្ទីរ
ពេទ្យកាល់ម៉ែត ។

លោក គឹម សួភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានមានប្រសាន៍ប្រាប់ដើមអម្ពិល
តាមទូរស័ព្ទ កាលពីពេលកន្លងមកថា អាការៈជនរងគ្រោះ គឺជារោគសញ្ញាអ្នកឆ្លងជំងឺផ្តាសាយ
បក្សី។

ពាក់ព័ន្ធនិងសពជនរងគ្រោះវិញ ស្ត្រីជាបងស្រីជនរងគ្រោះបានឲ្យដឹងផងដែរថា មន្ទីរពេទ្យកាល់
ម៉ែត បានទារថ្លៃដឹកសពត្រឡប់ទៅផ្ទះវិញ ចំនួន ៤០ដុល្លារ តែគាត់ក៏បានអង្វរសុំខាងមន្ទីរពេទ្យ
ផងដែរ ព្រោះគាត់ជាអ្នកក្រីក្រ បានចំណាយថ្លៃដេកព្យាបាលជំងឺអស់ហើយ គ្មានលុយទៀតនោះ
ទេ។ ពាក់ព័ន្ធនិងការអង្វរដ៏ទទូចពីក្រុមគ្រួសារ ជនរងគ្រោះនេះ ខាងមន្ទីរពេទ្យមិនទាន់ឆ្លើយតប
នោះទេ។

បងស្រីជនរងគ្រោះបានបញ្ជាក់ថា បើខាងមន្ទីរពេទ្យមិនជួយដឹកទៅទេ ពួកគាត់មានតែបូជានៅក្នុង
មន្ទីរពេទ្យនេះ ហើយ។

ជំងឺផ្តាសាយបក្សី H5N1 បានផ្តាច់ជីវិតពលរដ្ឋកម្ពុជាអស់ចំនួន ៧នាក់ហើយនៅដើមឆ្នាំ២០១៣នេះ
ក្នុងចំណោ មអ្នកឆ្លង៨ករណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ