(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីព្រួតគ្នា សម្លាប់និស្សិតម្នាក់ដើម្បីប្លន់យកកាបូបលុយ ត្រូវបានចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន នៅថ្ងៃទី២២ខែមេសានេះ ដើម្បីរង់ចាំការស៊ើបអង្កេត បន្តទៀត ។
មន្ត្រីតុលាការ ថ្លែងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានលោកព្រះរាជអាជ្ញារង គង់ សំសារ៉េត ចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។
គួររំលឹកថា ជនសង្ស័យជាឃាតករ៣នាក់ក្នុងករណីប្លន់សម្លាប់ត្រូវ បានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអង្គភាព ពាក់ព័ន្ធចាប់ខ្លួន ជាបន្តបន្ទាប់នៅស្រុកអង្គស្នួល ខេត្តកណ្តាល និងនៅស្រុកបូរីជលសា ខេត្តតាកែវ នាថ្ងៃទី១៨ និង១៩ ខែមេសា ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ក្រោយពីមានករណីឃាតកម្មប្លន់សម្លាប់ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៦វេលាម៉ោង៨កន្លះយប់ ស្ថិតនៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅលើជនរងគ្រោះជានិស្សិតឆ្នាំទី៣ម្នាក់ ដោយជនល្មើស ប្រើឈើជ្រុង យ៉ាងធំវាយទៅលើក្បាលរបស់ជនរងគ្រោះរហូតដល់ស្លាប់ រួចមកកម្លាំងអាវុធហត្ថការិយាល័យ ស្រាវជ្រាវប្រឆាំង បទល្មើសព្រហ្មទណ្ទរាជធានីសហការជាមួយ អាវុធហត្ថខណ្ឌសែនសុខ និងអាវុធហត្ថខេត្តកណ្ដាលចុះបង្ក្រាបជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន៣នាក់ ចំថ្ងៃប្រារព្ធបុណ្យ៧ថ្ងៃ ជនរងគ្រោះតែម្ដងរួមជាមួយនឹងវត្ថុតាង មកជាមួយផងដែរ។
មន្ត្រីអាវុធហត្ថរាជធានីបានបន្តថា នៅថ្ងៃកើតហេតុជនរងគ្រោះឈ្មោះ ឆាយ ហាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិសិត្សឆ្នាំទី៣ បានធ្វើដំណើរទៅឃ្លាំងដាក់ហ្គេមដែលទុកចោលយូរហើយដើម្បីអុជធូបសែនទទួលទេវតាឆ្នាំថ្មី។ ក្នុងអំឡុងពេលរង់ចាំទទួលទេវតាឆ្នាំថ្មី យាងចុះមកដល់នោះ ជនរងគ្រោះបានបើកម៉ាស៊ីនហ្គេមដែលទុកចោលនោះលេង ហើយជនល្មើសដែលជាអ្នកស្គាល់គ្នាបានចូលមក សុំលេងហើយក៏ឆ្លៀតឱកាសវាយសម្លាប់ប្លន់ជនរងគ្រោះយកកាបូបលុយតែម្តង។
មន្ត្រីដដែលបន្តថា ក្រោយពេលកើតហេតុកងរាជអាវុធរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ កំណត់មុខសញ្ញាបាន។ នៅយប់ថ្ងៃទី១៨មេសាឆ្នាំ២០១៦ ជាថ្ងៃគម្រប់ខួប៧ថ្ងៃរបស់ជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវដឹងថាជនល្មើសម្នាក់ឈ្មោះ ពង់ វុទ្ធី (ហៅ បាប៊ូ) ភេទប្រុស អាយុ២៣ឆ្នាំ(ជនដៃដល់) បានលាក់ខ្លួននៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
នាឱកាសនោះកម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចុះទៅចាប់ជនសង្ស័យម្នាក់នេះដល់ទីកន្លែងដោយបាន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលស្រុកអង្គស្នួល។
បន្ទាប់មកបានស្រាវជ្រាវទាំងយប់ បន្តទៅចាប់បក្សពួក២នាក់ទៀតនៅវេលាទៀបភ្លឺយប់ថ្ងៃទី១៩មេសាឆ្នាំ២០១៦ មានឈ្មោះ យាំ ភឿន ភេទប្រុស អាយុ២៩ឆ្នាំ(ជនដៃដល់) និង ឈ្មោះ ជិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ(អ្នកចាំមើលផ្លូវ) នៅភូមិអន្លង់បាន ឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ ដោយមានការសហការពីកំលាំងកងរាជអាវុធហត្ថខេត្តតាកែវនិងស្រុកបូរីជលសា។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបីនាក់បានប្រាប់ថា កន្លងមកក្រុមវាធ្លាប់ធ្វើសកម្មភាព លួច ឆក់ ប្លន់ជាច្រើនដងមកហើយ ដូចជាករណី ឆក់ខ្សែក នៅចំណុចរង្វង់មូលចោមចៅ, លួចអាគុយនៅឃ្លាំងធ្វើឡាន៥៩៨ ផ្លូវជាសុផារ៉ា, លួចម៉ូតូ នៅរោងទិញអេតចាយ សង្កាត់ភ្នំពេញថ្មី និង ចុងក្រោយប្លន់សម្លាប់យកកាបូបលុយ នៅឃ្លាំងដាក់ហ្គេម ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុយដែលទទួលបានពីការលួច ឆក់ ប្លន់ គឺក្រុមវាចែកគ្នាដើរស៊ីចាយនិងជក់គ្រឿងញៀន ក្នុងនោះឈ្មោះពង់ វុទ្ធី (ហៅ បាប៊ូ) ក៏ធ្លាប់ជាប់គុកកាលពីឆ្នាំ២០០៨ផងដែរ ៕
-ចុចទីនេះ ដើម្បីទស្សនាវីដេអូនេះ
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី