CamNews

ព័ត៌មានជាតិ 

លោក ពុយ គា៖ គណៈ​កម្មការ នៃ​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌ អ្នក​កា​សែត នឹង​ត្រួត​ពិនិត្យ​អត្ថ​បទ​ដែល​ខុស

ភ្នំពេញ៖ គណៈកម្មការនៃក្រុមប្រឹក្សា ក្រមសីលធម៌ អ្នកសារព័ត៌មានកម្ពុជា សប្តាហ៍ក្រោយ នឹង
ត្រួតពិនិត្យអត្ថបទរបស់កាសែត និងទូរទស្សន៍ក្នុងស្រុក ដើម្បីចង់ដឹងថា តើកាសែត ក៏ដូចជាទូរ-
ទស្សន៍ណាខ្លះ បានចុះផ្សាយខុសពីក្រមសីលធម៌ អ្នកសារព័ត៌មាន។

ស្ថាបនិកនៃក្រុមប្រឹក្សាក្រមសីលធម៌ អ្នកសារព័ត៌មានកម្ពុជា និងជាអ្នកយកព័ត៌មាន ទីភ្នាក់ងារ
សារព័ត៌មានក្យូដូ (ជប៉ុន) លោក ពុយ គា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣នេះ បានប្រាប់មជ្ឈ-
មណ្ឌលព័ត៌មានដើមអម្ពិលថា គណៈកម្មការរបស់ក្រុមប្រឹក្សា ក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា
នឹងធ្វើការត្រួតពិនិត្យលើ អត្ថបទរបស់កាសែត ក៏ដូចជាទូរទស្សន៍ ដែលបានចុះផ្សាយ ក្រោយពេល
ដែលក្រុមត្រួតពិនិត្យ របស់ក្រុមប្រឹក្សាក្រមសីលធម៌ អ្នកសារព័ត៌មានកម្ពុជា បានត្រួតពិនិត្យរួចរាល់
រង់ចាំតែក្រុមប្រឹក្សាក្រមសីលធម៌ អ្នកសារព័ត៌មានកម្ពុជា សម្រេចតែប៉ុណ្ណោះ។

លោក ពុយ គា បានថ្លែងបន្តថា «អ្នកដែល Monitor (ត្រួតពិនិត្យ) នេះ គេបាន Monitor ហើយ ទាំង
កាសែត និងទូរទស្សន៍ ប៉ុន្តែគេត្រូវយកមកឆ្លងគណៈកម្មការ ដែលពួកខ្ញុំជា Board Director (ក្រុម
ប្រឹក្សាប្រតិបត្តិ) ដើម្បីពិនិត្យនូវអ្វីដែលគេបាន Monitor គេយកមកបង្ហាញយើង ហើយយើងពិនិត្យ
មួយៗ។ ហើយការងារនេះ អាទិត្យក្រោយទើបបានយើង ចាប់ផ្តើមនូវអ្វីដែលគេ Monitor កន្លងមក»។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមប្រឹក្សាក្រមសីលធម៌ អ្នកសារព័ត៌មានកម្ពុជា
បានចាប់ផ្តើមគម្រោង២ឆ្នាំរបស់ខ្លួន ស្តីពីការត្រួតពិនិត្យក្រមសីលធម៌អ្នកកាសែត។ ការងារក្រុមប្រឹក្សា
នេះ នឹងពិនិត្យមើលអត្ថបទរបស់ កាសែតធំៗចំនួន៥គឺ រស្មីកម្ពុជា កម្ពុជាថ្មី កោះសន្តិភាព នគរវត្ត និង
មនសិការខ្មែរ ព្រមទាំងទូរទស្សន៍ចំនួន៨ លើកលែងតែទូរទស្សន៍កម្ពុជា (ទទក)។ ទិសដៅនៃគម្រោង
នេះ គឺជួយពង្រឹងការអនុវត្ត ក្រមសីលធម៌អ្នកសារព័ត៌មាន នៅកម្ពុជា៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ