CamNews

ទេសចរណ៍ 

សម្តេច ស ខេង ប្រាប់ប្រជាពលរដ្ឋលើកោះរ៉ុង កុំឲ្យបារម្ភពីគម្រោងអភិវឌ្ឍរបស់លោកឧកញ៉ា គិត ម៉េង

(ព្រះសីហនុ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ប្រជាពលរដ្ឋនៅលើកោះរ៉ុងទាំងអស់ កុំឲ្យបារម្ភពីគម្រោងអភិវឌ្ឍរបស់លោកឧកញ៉ា គិត ម៉េង ត្បិតការអភិវឌ្ឍនេះ ធ្វើឡើងដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ មិនមែនជាការនាំទុក្ខទោសដល់ប្រជាពលរដ្ឋនោះឡើយ។


ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់សណ្ឋាគារផ្កាយ៥ របស់លោកឧកញ៉ា គិត ម៉េង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា មានប្រជាពលរដ្ឋជាច្រើនខ្វល់ខ្លាចប៉ះពាល់ តែមិនដឹងជាអភិវឌ្ឍធ្វើអីទេ បើប្រជាពលរដ្ឋប៉ះពាល់ដដែលនោះ។


សម្តេចក្រឡាហោម បានថ្លែងយ៉ាងដូច្នេះ «មានប្រជាពលរដ្ឋខ្លះកង្វល់ខ្លាចប៉ះពាល់ ប៉ុន្តែយើងមិនដឹងអភិវឌ្ឍធ្វើអីទេ បើប៉ះពាល់ ។ រាជរដ្ឋាភិបាលកើតឡើង ដោយសារប្រជាជនបោះឆ្នោត ប្រជាពលរដ្ឋគាំទ្រ ចឹងរាជរដ្ឋាភិបាលត្រូវបម្រើប្រជាពលរដ្ឋ។ បើមិន បម្រើប្រជាពលរដ្ឋ មិនមែនជារាជរដ្ឋាភិបាលស្មោះត្រង់ ដែលប្រជាពលរដ្ឋគាំទ្រទេ»

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋនៅលើកោះរ៉ុងនេះ នឹងត្រូវឆ្កៀលចេញតាមរូប មន្តស្បែកខ្លា។ សម្តេចក្រឡាហោមក៏ទទូចឲ្យអ្នកដែលឲ្យប្រជាពលរដ្ឋលើកោះរ៉ុង ឈរឈ្មោះចាប់ដី ក្នុងបំណងបានសំណងពីក្រុមហ៊ុន ដកខ្លួនចេញផងដែរ។ សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការសាទរផងដែរ ចំពោះការលេចចេញជារូបរៀង នៃការសាងសង់សណ្ឋាគារលំដាប់ ផ្កាយ៥ នៅលើកោះរ៉ុង ដែលសណ្ឋាគារនេះ នឹងក្លាយជាការទាក់ទាញទេសចរណ៍បន្ថែម ហើយក៏ចូលរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋលើកោះរ៉ុងផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់លោកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនមកពីប្រទេសស្វីស បានចាប់ដៃគ្នាបើកការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះថា «Royal Sands Koh Rong» ដែលមានតម្លៃប្រមាណ ២០លានដុល្លារអាមេរិក៕

- អាន ៖ សម្តេច ស ខេង៖ រាជរដ្ឋាភិបាលគ្រោងបង្កើតសង្កាត់កោះរ៉ុង ទៅជាក្រុង ដើម្បីសម្រួលការគ្រប់គ្រង

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: koh rong Cambodia Kompong Som Angkor Wat