បាត់ដំបង ៖ បុរសម្នាក់ចូលចិត្តសន្សំរឿង ចូលភូមិ ពេលណាបង្ករឿង ពេលនោះកាប់គេ ហើយរត់គេច ខ្លួនបាត់ កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ រួចរត់គេចខ្លួនបាត់នៅ ចំណុចក្រុមទី៣ ភូមិកូនខ្លុងឃុំព្រៃតូច ស្រុកម៉ោងឬស្សី ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវគេកាប់ មានឈ្មោះឆូយ ប៊ុនរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ នៅលីវ រងរបួសដៃសងខាងក្បាល និងកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត ។ ចំណែក ជនសង្ស័យមានឈ្មោះឌី ស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ មានប្រពន្ធ និងកូនតូចម្នាក់ រស់នៅភូមិជា មួយគ្នា ។
ប្រភពកន្លែងកើតហេតុ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឆូយ ប៊ុនរ៉ា បានទៅ អង្គុយមើលទូរទស្សន៍នៅផ្ទះឈ្មោះ ឌីន ដូចសព្វដងចំណែកជនដៃដល់ឈ្មោះ ឌី ស៊ីណា និងបក្ខពួក បានផឹកស៊ីនៅកន្លែងផ្សេងអស់ស្រាសចំនួន ២លីត្រ ក្រោយមកឈ្មោះ ឌីន បានបបួលជនសង្ស័យទៅ ធ្វើម្ហូបនៅផ្ទះរបស់ខ្លួនដើម្បីផឹកស៊ីបន្ត ។ ពេលជនសង្ស័យកំពុងកាប់មាន់ធ្វើម្ហូប មិនដឹងជាខឹងរឿងអ្វី បានយកកាំបិតប៉័ងតោ ទៅកាប់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួន បាត់តែម្តង ។
បន្ទាប់ពីកើតហេតុហើយ ជនរងគ្រោះត្រូវបានសាច់ញាតិ និងអ្នកភូមិជួយដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្ត ។
ប្រភពបានបញ្ជាក់ទៀតថា ជនសង្ស័យគ្រាន់តែមកលេងផ្ទះម្តាយ មិនដឹងរស់នៅស្រុកណាទេ ព្រោះ កន្លងមកជនសង្ស័យធ្លាប់តែបង្ករឿង ជាមួយអ្នកភូមិ បណ្តាលឱ្យរបួសប្រហែល ៣ដងមកហើយ រួចរត់ ទៅរស់នៅកន្លែងផ្សេង រហូតសមត្ថកិច្ចមិនដែលចាប់ខ្លួនបានទេ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោស តាមផ្លូវ ច្បាប់នៅពេលក្រោយ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល