CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន ២នាក់ ពាក់ព័ន្ធ រំលោភបូក លើក្មេងស្រីមិនគ្រប់អាយុ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវ បានកម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ចុះ ទៅធ្វើការឃាត់ខ្លួន ជាបន្ដបន្ទាប់នៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះ ដោយ ជាប់ចោទពីបទ ចាប់ក្មេងស្រីមិនទាន់គ្រប់ អាយុយកទៅរំលោភបូក ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច ប្រាប់ ជំហានដំបូង បានឱ្យ ដឹងថា កាលពីថ្ងៃទី០២ ខែកក្កដា ជនសង្ស័យទាំង២នាក់ខាងលើ នេះ បានជិះម៉ូតូម៉ាកគុប១គ្រឿង ធ្វើ ដំណើរ តាមបណ្ដោយផ្លូវណតប្រ៊ីដ ដល់ម្ដុំស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏ឃើញក្មេងស្រី ម្នាក់អាយុ ខ្ទង់ ១០ឆ្នាំ ពួកគេក៏នាំគ្នាចាប់ ដាក់លើម៉ូតូ រួចហើយដឹកមកកាន់ផ្ទះជួល របស់ពួកគេនៅជាន់ទី៤ នាម្ដុំ ផ្សារសុរិយា។

ក្រោយមក ពួកគេក៏បង្ខំក្មេងស្រីឱ្យផឹកថ្នាំ សំរើប រួចហើយនាំគ្នាចាប់រំលោភរហូតបាន សម្រេចទាំងអស់គ្នាជាបន្ដបន្ទាប់ និងបង្ខាំង ទុកនៅក្នុងផ្ទះ ធ្វើការរំលោភបន្ដរហូតដល់ ថ្ងៃទី០៤ ខែ កក្កដា ទើបពួកគេដឹកក្មេងស្រី យកទៅដាក់នៅចំណុចកន្លែងដែលពួកគេ ចាប់វិញ ។

ចំណែកក្មេង ស្រី ក្រោយពីឪពុក -ម្ដាយរកឃើញ និងសួរនាំដឹងរឿងក៏នាំទៅ កាន់មន្ទីរ និងប្ដឹងទៅខាងអង្គការ និងសមត្ថ កិច្ច ឱ្យជួយធ្វើការស្រាវជ្រាវករណីខាងលើ នេះរហូតដល់រសៀលថ្ងៃទី៣០ ខែកក្កដា  ទើបសមត្ថកិច្ច ឈានដល់ការឃាត់ខ្លួន ជន សង្ស័យបានទាំង២នាក់តែម្ដងទៅ ។

ព័ត៌មានលំអិត ពាក់ព័ន្ធទៅនឹងករណី ខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងធ្វើការចុះផ្សាយ បន្ថែមទៀត នៅពេល ដែលទទួលបានព័ត៌មានលំអិតពីសមត្ថកិច្ច នាពេលខាងមុខឆាប់ៗនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news