ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានឲ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលបានផ្ទុះឡើងនៅស្រុកអូរយ៉ាដាវនោះ បានបន្តឆ្លងរាលដាលដល់ស្រុកអូរជុំ ខេត្តរតនគិរី ខណៈដែលមន្ត្រីជំនាញ បាននិងកំពុងចាត់វិធានការទប់ស្កាត់ការនាំសត្វជ្រូកចូលពីប្រទេសវៀតណាម នៅច្រកព្រំដែននៃខេត្តត្បូងឃ្មុំបន្ថែមទៀត។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តាន់ ផាន់ណារ៉ា បានឲ្យដឹងថា បើទោះជាមន្ត្រីជំនាញបានខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រិកនៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ដោយការបាញ់ថ្នាំជីវសុវត្ថិភាព ការកម្ទេចចោលនៅសត្វជ្រូកដែលមានមេរោគនេះ រួមនិងវិធានការទប់ស្កាត់ការចរាចរណ៍ចេញចូលសត្វជ្រូកក្នុងតំបន់ផ្ទុះជំងឺក៏ដោយ ប៉ុន្តែជំងឺនេះត្រូវបានរកឃើញថាបានឆ្លងទៅកាន់ស្រុកមួយទៀតក្នុងខេត្តរតនៈគិរី គឺស្រុកអូរជុំ។
លោកថា៖ «នៅខេត្តរតនគិរី យើងមិនទាន់បានទប់ស្កាត់បានទាំងស្រុងនៅឡើយ គឺវាបានរាតត្បាតមកដល់ស្រុកអូរជុំ ហើយក្រុមការងាររបស់យើងកំពុងតែធ្វើការសិក្សា តើវាប៉ះពាល់ដល់សត្វជ្រូកប៉ុន្មានក្បាល ប៉ះពាល់ប៉ុន្មានភូមិនៅឃុំណាខ្លះ អីចឹងមន្ត្រីជំនាញកំពុងសិក្សាលើរឿងហ្នឹង»។
លោកបន្ថែមថា៖ «យើងទទួលបានរបាយការណ៍ពីសត្វជ្រូកឈឺ ពីខាងអាជ្ញាធរនៅទីនោះ កាលពីអំឡុងថ្ងៃទី១១ដល់ថ្ងៃទី១៣ខែមេសានេះ។ បច្ចុប្បន្ន ក្រុមការងាររបស់យើងបានបិទចលនានាំចេញសត្វជ្រូកទូទាំងខេត្ត និងចាត់វិធានការទប់ស្កាត់កុំឲ្យរាលដាលបន្តហើយ»។
កាលពីថ្ងៃទី២២ខែមីនា អាជ្ញាធរខេត្តរតនគិរី បានរកឃើញមានករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឃុំសោមធំ ស្រុកអូយ៉ាដាវ ដែលនាំឲ្យមានការដុតកម្ទេចចោលនូវសត្វជ្រូករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារប្រមាណជាង៥០០ក្បាល។ ការឆ្លងរាលដាលនៃជំងឺនេះ ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា បណ្តាលមកពីពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម បានដឹកសាច់ជ្រូកមានផ្ទុកមេរោគនេះពីប្រទេសវៀតណាម យកទៅលក់នៅតំបន់នោះ។
ជាមួយគ្នានេះដែរ លោកតាន់ ផាន់ណារ៉ា ក៏បានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃអាទិត្យ មន្ត្រីក្រសួងក៏បានចុះបង្ក្រាប និងឃាត់ចាប់រថយន្តម៉ាកហ៊ីយិនដាយមួយគ្រឿង ដែលដឹកសត្វជ្រូកជិត១០០ក្បាល នាំចូលពីប្រទេសវៀតណាម នៅចំណុចភូមិកំពង់ក្របី ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំផងដែរ ខណៈដែលកម្ពុជាបាននិងកំពុងទប់ស្កាត់ការនាំចូលសត្វជ្រូកពីប្រទេសវៀតណាម។
លោកបន្ថែមថា ស្របពេលដែលនៅតែមានចលនាដឹកជញ្ជូនសត្វជ្រូកដែលនាំចូលពីប្រទេសវៀតណាម នៅខេត្តត្បូងឃ្មុំ ជាហូរហែរនោះ ក្រសួងបានសម្រេចបង្កើតក្រុមការងារពិសេសមួយក្រុម កាលពីថ្ងៃអាទិត្យ ដែលមានកិច្ចសហការពីមន្ត្រីកសិកម្មនៅខេត្តកំពង់ចាម និងព្រៃវែង បានធ្វើការរួមគ្នាក្នុងការពង្រឹងការទប់ស្កាត់លើការនាំចូលសត្វជ្រូកនេះ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ក្រោយពីបានធ្វើការឃាត់រថយន្តដឹកសត្វជ្រូកនាំចូលពីប្រទេសវៀតណាមនោះ មន្ត្រីជំនាញបានធ្វើការបូមឈាមសត្វជ្រូកទាំងនោះដើម្បីយកទៅមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ ដើម្បីរកមេរោគជំងឺប៉េស្តជ្រូក។ លោកថា៖ «លទ្ធផលនៅមិនទាន់ដឹងនៅឡើយ ប្រហែលជាពីរទៅបីថ្ងៃបានដឹង ប៉ុន្តែយើងបានរក្សារថយន្តនោះនៅទីកន្លែងសុវត្ថិភាព និងបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ រងចាំលទ្ធផលពីឡាបូពិសោធន៍ មុននឹងយើងមានវិធានការបន្ត»។
បើតាមមន្ត្រីក្រសួងកសិកម្ម និងអង្គការ FAO ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមានជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះ ជាហានិភ័យដល់សត្វជ្រូកស្រុក និងជ្រូកព្រៃ ដោយសារមេរោគអាចរស់បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់ ដែលសាច់ទាំងនោះត្រូវបាននាំទៅកាន់កសិដ្ឋានតាមរយៈការផ្តល់កាកសំណល់ផ្ទះបាយជាចំណីជ្រូក។ បច្ចុប្បន្ន មិនមានវិធីព្យាបាលជំងឺនេះឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយដែលមានប្រសិទ្ធិភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់ ៕
ប្រភព ៖ khmertimes