កំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួន ជនស្ស័យចំនួន ៤នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ក្រោយពីបានរកឃើញ ភាពមិនប្រក្រតីមួយចំនួន នៅចុងម៉ោងប្រឡងតេស្តភាសាកូរ៉េ ។
ប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង លោក ម៉ា យ៉ុន បានអោយដឹងថា ជនសង្ស័យ ទាំង៤នាក់ ត្រូវបានគេជួលប្រឡងជំនួស ក្នុងតម្លៃម្នាក់ៗ ចាប់ពី ៥០០ដុល្លារ ទៅ១០០០ដុល្លារ ប៉ុន្តែមិនទាន់ បានទទួលប្រាក់ទេ ។
លោកបានបន្តអោយដឹងទៀតថា អ្នកទាំងបួននាក់ខាងលើ ទទួលបានត្រឹមតែថ្លៃបាយ ១០ដុល្លារ ក្នុងម្នាក់ៗ ប៉ុណ្ណោះ។ ជនសង្ស័យទាំង ៤នាក់ មានឈ្មោះ ទី១- ឈ្មោះ សិន វិមាន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅសង្កាត់ វាលវង់ ខណ្ឌ៧មករា ភ្នំពេញ ទី២-ឈ្មោះ ភួស វណ្ណា ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ ទី៣-ឈ្មោះ ទួន កុសល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៤-ឈ្មោះ ផុន សុភណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៤នាក់នេះ ទទួលការព្រមព្រៀង ចូលប្រឡងជំនួសបេក្ខជន ដែលត្រូវចូលប្រឡងដែលត្រូវអនុរក្ស រកឃើញភាពមិនប្រក្រតីនោះ គឺឯកសារប្រឡងមានឈ្មោះម្ចាស់ដើម នៃបេក្ខជនត្រូវប្រឡង ប៉ុន្តែបុគ្គលដែលចូលប្រឡងគឺមានមុខមាត់ និងភិនភាគ និងអត្តសញ្ញាណប័ណ្ណផ្សេង ទៅវិញ ហើយពួកគេបានធ្វើកិច្ចសន្យា ព្រមព្រៀងគ្នាថានឹងប្រគល់លុយដល់ដៃពេលធ្លាក់ឈ្មោះ បានទៅធ្វើ ការនៅប្រទេសកូរ៉េ ។
ជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។
សូមរម្លឹកថា នៅក្នុងក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០១៤ គេពិនិត្យឃើញវត្តមានយុវជន យុវនារី រាប់ពាន់នាក់ មកពីបណ្តាខេត្តនានា មកជួលបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារស្នាក់នៅគ្មានសល់ អ្នកខ្លះគ្មានបន្ទប់ជួលស្នាក់នៅ ក៏បានសុំវត្តអារាមនៅក្នុងមូលដ្ឋានស្នាក់នៅ ដើម្បីចូលរួមការប្រឡង ភាសាកូរ៉េ រយៈពេល២ថ្ងៃ នៅក្នុងមណ្ឌលប្រឡងទាំង២ ក្នុងក្រុងកំពង់ឆ្នាំង។
ប្រធានមណ្ឌលប្រឡងភាសាកូរ៉េ នៅក្នុងសាលាបឋមសិក្សា គំរូក្រុងកំពង់ឆ្នាំង បានអោយដឹងថា មណ្ឌល ប្រឡងភាសាកូរ៉េនៅក្រុងកំពង់ឆ្នាំងមាន ២មណ្ឌលគឺ ទី១.សាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង និង ទី២. វិទ្យាល័យព្រះបាទសុរាម្រឹត ការប្រឡងមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥ និងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ នេះ។ នៅក្នុងមណ្ឌលប្រឡងនីមួយៗ ក្នុងមួយថ្ងៃត្រូវប្រឡង ២ពេល គឺពេលព្រឹក និងពេលរសៀល និងក្នុងមួយ ពេលៗ មានបេក្ខជនប្រឡងចំនួន ៨៦៤នាក់ ចំណែកនៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះបាទសុរាម្រឹត មានបេក្ខជនប្រឡងក្នុងមួយពេលៗ ចំនួន ៩៦០នាក់ ហើយបេក្ខជនម្នាក់មានសិទ្ធិចូលប្រឡង តែមួយលើក ប៉ុណ្ណោះ។ ដូច្នេះក្នុងរយៈពេល២ថ្ងៃខាងលើនេះ បេក្ខជនដែលត្រូវមកចូលរួមប្រឡងភាសាកូរ៉េ សរុបមាន ចំនួនជាង ៧ពាន់នាក់។ ចំពោះការប្រឡងភាសាកូរ៉េ នៅក្នុងទូទាំងប្រទេស មានបេក្ខជនដាក់ពាក្យប្រឡង ចំនួនជាង ៤ម៉ឺននាក់ ហើយមណ្ឌលប្រឡងទូទាំងប្រទេសមានចំនួន ១១មណ្ឌល ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល