កណ្តាល :យ៉ាងហោចណាស់ បុរស៣នាក់ រងរបួសធ្ងន់ ដោយសារតែរថយន្ត ដឹកក្បឿងមួយគ្រឿង បើកលឿន រេចង្កូតក្រឡាប់ សង្កត់លើ ហើយត្រូវសមត្ថកិច្ច និងបងប្អូនជនរងគ្រោះដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ក្រុងភ្នំពេញភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ រថយន្តដឹកក្បឿងក្រឡាប់ សង្កត់លើមនុស្សនេះ កើតឡើងកាលវេលាម៉ោង២ និង២៥នាទី ថ្ងៃទី១៦ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវ ជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រ លេខ៤៩-៥០ ក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ព្រំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយ ទទួលផ្នែកសណ្តាប់ធ្នាប់ចរាចរ បានអោយដឹងថា ជនរងគ្រោះ ទាំង៣នាក់ ទី១-ឈ្មោះ ឌិន សុខជា អាយុ ៣០ឆ្នាំ រស់នៅភូមិកំពង់ពោរ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រងរបួសធ្ងន់ ដោយបាក់ជើងឆ្វេង។ ទី២-ឈ្មោះ ឡា សុខនី អាយុ ៤៣ឆ្នាំ និងទី៣-ឈ្មោះ ឡុង ឡី អាយុ ៣៥ឆ្នាំ ។ អ្នកទាំងពីរ ជាកម្មករ នៅលើរថយន្តបង្ក មានទីលំនៅភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល រងរបួសធ្ងន់ទាំងពីរនាក់។
តាមអ្នកឃើញហេតុការណ៍គ្រោះថ្នាក់នេះ បាននិយាយថា មុនពេលកើតហេតុ រថយន្ដបានធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង លុះដល់ចំនុចកើតហេតុខាងលើ រថយន្ដក៏បានគេចនិងសិស្សសាលាដែលកំពុងជិះកង់រ៉េចង្កូតហើយរថយន្ដ ក៏បាន ជាន់ហ្វ្រាំង ទាញចង្កូតទៅក្រឡាប់នៅខាងឆ្វេងដៃ ស្របពេលនោះ មានម៉ូតូមួយគ្រឿង មកពីទិសដៅច្រាសគ្នា ក្រឡាប់លើតែម្តង ។ ម៉ូតូដែលត្រូវរថយន្ត ក្រឡាប់លើនេះ ម៉ាកវ៉េវ ពាក់ស្លាកលេខ1.6669 ខេមរភូមិន្ទ ពណ៌ក្រហម បើកដោយឈ្មោះ ឌិន សុខជា ត្រូវរងរបួសបាក់ជើង។ ចំណែករថយន្តបង្ក ម៉ាកគារ ពាក់ផ្លាកលេខភ្នំពេញ2D-9482 បើកបរឈ្មោះ ហ៊ន ហង់ហេង អាយុ ៤០ឆ្នាំ រស់នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
ក្រោយកើតហេតុសម្ថកិច្ចនឹងបងប្អនជួយបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យភ្នំពេញភ្លាមៗ ហើយរថយន្តបង្ក និងម៉តូរងគ្រោះ ត្រូវនគរបាលមូលដ្ឋាន យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះជាក្រោយ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល