ស្ត្រីម្នាក់បានស្លាប់កាលពីចុងសប្ដាហ៍ ខណៈដែលខ្យល់កន្ត្រាក់ខ្លាំងបានធ្វើឲ្យខូចខាតផ្ទះសម្បែងជាង ៨០ ខ្នងនៅក្នុង ខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិសាត់ អំឡុងខ្យល់ព្យុះ។
យោងតាមរបាយការណ៍របស់នគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា សឿង ចំរើន អាយុ ៣៧ ឆ្នាំ បានស្លាប់នៅពេលផ្ទះរបស់នាង ដែលបានដួលរលំដោយសារខ្យល់កន្ត្រាក់។
ខ្យល់កន្ត្រាក់ ក៏បានធ្វើឱ្យខូចខាតផ្ទះសម្បែងរាប់សិបខ្នងនៅតាមបណ្តាខេត្តផ្សេងទៀតផងដែរ។
លោកវរសេនីយ៍ឯក ស៊ិន ណារាក់ ប្រធាននគរបាល ស្រុកមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យបាននិយាយថា កាលពីថ្ងៃអាទិត្យ ខ្យល់កន្ត្រាក់បានវាយប្រហារស្រុកចំនួនពីរនៅក្នុងខេត្តនេះ។ ផ្ទះចំនួន ១៣ ខ្នងត្រូវរងការខូចខាតនៅក្នុងស្រុករបស់លោក ខណៈដែល ៣៤ ខ្នងទៀតខូចខាតនៅក្នុងស្រុកម៉ាឡៃ។
លោកបានមានប្រសាសន៍ថា ”ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ - មួយចំនួនខូចខាតខ្លាំង មួយចំនួនទៀតខូចខាតបន្តិចបន្តួច” ។ លោកបន្ដថា ”មានភ្លៀងធ្លាក់ខ្លាំង រួមជាមួយនឹងខ្យល់កន្ត្រាក់ ប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់រងរបួសនោះទេ” ។
បន្ថែមពីនេះទៀតនៅខេត្តពោធិ៍សាត់ មានផ្ទះចំនួន ៣០ ខ្នងបានរងការខូចខាត នៅស្រុកក្រគរ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
វរសេនីយ៍ឯក យឹម យើន ប្រធានស្នងការប៉ូលីសស្រុក បាននិយាយថាភ្លៀងធ្លាក់ខ្លាំងគឺជាមូលហេតុដែលបណ្តាលឲ្យមានការខូចខាត។
”ផ្ទះជាច្រើនខ្នងត្រូវបានរងការខូចខាត ប៉ុន្តែអាជ្ញាធរបានជួយជួសជុល និងផ្តល់ឲ្យពួកគេ នូវជំនួយសង្គ្រោះ ព្រោះផ្ទះរបស់ពួកគាត់បានរងគ្រោះដោយតែគ្រោះមហន្តរាយធម្មជាតិ” ។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់នារដូវប្រាំង។
លោក ហ៊ុន សែន ក៏បានណែនាំដល់ កាកបាទក្រហមកម្ពុជា និងមន្រ្តីរដ្ឋាភិបាលឲ្យត្រៀមខ្លួនដើម្បីដាក់ពង្រាយនៅតាមតំបន់ដែលមានគ្រោះមហន្តរាយ នៅទូទាំងប្រទេស ដើម្បីផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ។
លោកបានមានប្រសាសន៍ថា ”មិនត្រូវឲ្យប្រជាពលរដ្ឋយើងរងទុក្ខវេទនាឡើយ នេះជាបញ្ហាដែលប្រជាពលរដ្ឋត្រូវឃ្លាំមើលឲ្យបានទៀងទាត់ ប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្ននៅពេលមានខ្យល់ និងភ្លៀង សូមកុំភ្លេច” ៕
ប្រភព ៖ ហ្រ្វេសញ៉ូវអាសុី