CamNews

ព័ត៌មានជាតិ 

សត្វព្រៃចម្រុះ ៩ប្រភេទ មានទម្ងន់ជាង ២០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចរឹបអូសបាន នៅផ្សារស្ទឹងត្រែង

(ស្ទឹងត្រែង)៖ កម្លាំងចម្រុះនៃក្រុមអន្តរាគមន៍ បង្រ្កាបបទល្មើសសត្វព្រៃចល័ត សហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស បានធ្វើការបង្រ្កាបសត្វព្រៃចំនួន ៩ប្រភេទ មានទម្ងន់ជាង ២០០គីឡូក្រាម ត្រូវបានក្រុមឈ្មួញ ដាក់តាំងលក់នៅក្នុងផ្សារស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ រួចប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្ដ។

មន្ត្រីអន្តរាគមន៍ បង្រ្កាបបទល្មើសសត្វព្រៃចល័ត បានឲ្យដឹងថា ការបង្រ្កាបបទល្មើសសត្វព្រៃនេះ គឺដើម្បីចង់អភិរក្សសត្វព្រៃឲ្យបានគង់វង្ស ព្រោះនៅក្នុងចំណោមសត្វព្រៃទាំង៩ប្រភេទនេះ គឺពូជសត្វព្រៃកម្រ ដែលជិតផុតពូជ ហើយសង្ឃឹមថាក្រុមសមត្ថកិច្ចជំនាញ ដែលពាក់ព័ន្ធនៅមូលដ្ឋាន និងជួយសហការបង្រ្កាប។

មន្ដ្រីដដែលបញ្ជាក់ថា «សត្វព្រៃដែលរឹបអូសបានរួមមាន សត្វអណ្តើកភ្នំនៅរស់២ក្បាល មានទម្ងន់២គីឡូក្រាម ត្រកួតរស់១០ក្បាល ស្មើនឹង១៥.៥គីឡូក្រាម សាច់ស្វាទម្ងន់២.៧០គីឡូក្រាម សាច់ជ្រូកព្រៃស្រស់៧២គីឡូក្រាម សាច់ឈ្លូសស្រស់២៧.១គីឡូក្រាម ងៀតឈ្លូស៣.៥ក្រាម សាច់ប្រើស៥៤.៥គីឡូក្រាម រញីក្រៀម៣​ និងក្រពះប្រម៉ា ៨ផងដែរ»

បច្ចុប្បន្ន សាច់សត្វ និងសត្វព្រៃដែលនៅរស់ ត្រូវបានកម្លាំងអន្តរាគមន៍ បង្រ្កាបបទល្មើសសត្វព្រៃចល័ត យកទៅកប់ចោលនៅថ្នាលបណ្តុះកូនឈើភ្នំក្រហម រីឯសត្វព្រៃដែលនៅរស់ យកទៅលែងនៅសួនសត្វភ្នំតាម៉ៅ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Steng Treng