CamNews

ព័ត៌មានជាតិ 

ឃាត់បុគ្គលិក ក្រុមហ៊ុន EBC ៨នាក់ ក្រោយធ្វើសកម្មភាព បោកប្រាក់ ប្រជាពលរដ្ឋតាមរូបភាព ដាក់ប្រាក់សន្សំ

សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន Empire Big Capital Limited (EB C) ក្នុងខេត្តសៀមរាបចំនួន ៨នាក់ ដោយជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ របស់ប្រជាពលរដ្ឋ តាមរយៈរូបភាព ដាក់ប្រាក់បញ្ញើសន្សំទទួលបានអត្រាការប្រាក់ខ្ពស់។

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០១៥នេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យទីតាំងសាខាក្រុមហ៊ុន EBC ស្ថិតក្នុងសណ្ឋា គារសៀមរាបថោន បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានដើរផ្សព្វផ្សាយ និង ឃោសនាបោកប្រាស់ប្រជាពលរដ្ឋឲ្យយក ប្រាក់ទៅដាក់បញ្ញើសន្សំ ដោយទទួលអត្រាការប្រាក់ខ្ពស់ រហូតដល់ទៅ ១០ភាគរយ។

លោក ឃឹម ប៊ុនសុង បានឲ្យដឹងថា ក្រុមហ៊ុននេះ បានដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋយកប្រាក់ ២.០០០ដុល្លារ ទៅដាក់បញ្ញើជាមួយខ្លួន ហើយក្នុងរយៈពេល ១៨ខែ អាចទទួលបា្រក់មកវិញទាំងដើម ទាំងការ រហូតដល់ទៅ ៥៦០០ដុល្លារអាម៉េរិក។

បើតាមលោកអភិបាលខេត្តបានបញ្ជាក់ថា ក្រុមហ៊ុននេះ បានដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋថា ខ្លួនយក ប្រាក់ទាំងនេះ ទៅធ្វើការវិនិយោគទិញប្រេង ទិញភាគហ៊ុននៅតាមធនាគារជាដើម។ លោក ឃឹម ប៊ុនសុង បញ្ជាក់ ទៀតថា ក្រុមហ៊ុន EBC  នេះ ធ្វើសកម្មភាពបោកប្រាស់យកប្រាក់ប្រជាពលរដ្ឋ ដោយប្រើឈ្មោះអង្គការមួយចំនួន មានដូចជា អង្គការ AIF (Asean Intrusment Foundation) សមាគម ICA (Invesment Consultant Associa tion)។

ប្រតិបត្តិការឆែកឆេរខាងលើ សមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលិករបស់ក្រុមហ៊ុន ៨នាក់ និងដកហូតវត្ថុតាងមួយចំនួន ផ្សេងទៀត ហើយកម្លាំងសមត្ថកិច្ច កំពុងបន្តប្រតិបត្តិការ តាមច្បាប់បុគ្គលិក និងជនពាក់ព័ន្ធដទៃទៀត ដែលកំពុង រត់គេចខ្លួន។

លោកអភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ក្រោយការឆែកឆេរទៅ រកឃើញថា ក្រុមហ៊ុន EBC នេះ ពុំ មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មត្រឹមត្រូវនោះឡើយ។

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែមិថុនា បានចេញសេចក្តីជូនដំណឹងមួយ ដោយឲ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការខ្ចីប្រាក់ និងការដាក់ប្រាក់សន្សំជាមួយក្រុមហ៊ុន សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ឬតាមរយៈបណ្តាញតៗគ្នា។

ក្នុងសេចក្តីជូនដំណឹងដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ទទួលបាននៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនានេះ បាន បញ្ជាក់ថា បច្ចុប្បន្ន មានក្រុមជនមួយចំនួនបង្ហាញខ្លួនជាក្រុមហ៊ុន ជាសមាគម ជាអង្គការមិនមែនរដ្ឋាភិបាល ធ្វើ សកម្មភាពឲ្យខ្ចីប្រាក់ ឬការសន្សំប្រាក់មានអត្រាការប្រាក់ខ្ពស់ តាមរូបភាពចុះជួបផ្ទាល់បញ្ចុះបញ្ចូល, ការជួបជុំ, ការធ្វើសិក្ខាសាលា នៅតាមលំនៅដ្ឋាន និងទីប្រជុំជន ដែលសកម្មភាពទាំងអស់នេះ ពុំទាន់មានការអនុញ្ញាត ឬមានអាជ្ញាបណ្ណ ពីធនាគារជាតិនៃកម្ពុជានៅឡើយនោះទេ។

សាលាខេត្តសៀមរាប បានដាក់លេខទូរស័ព្ទ HOTLINE: 097 778 0013 ដើម្បីឲ្យ ឲ្យប្រជាពលរដ្ឋទាក់ទងផ្តល់ ព័ត៌មានទៅសមត្ថកិច្ចផងដែរ ប្រសិនបើជួបប្រទះករណីដូចបានរៀបរាប់ខាងលើនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Socail News Cambodia siem Reap