CamNews

ព័ត៌មានជាតិ 

ធ្លាក់ពីលើដំបូល អគាររតនាគារចាស់ របួសធ្ងន់ កម្មករពីរនាក់

ភ្នំពេញៈ កម្មករសំណង់២នាក់ ខណៈកំពុង ជួសជុល និងវាយពិតាន នៅអគាររតនាគារជាតិ
បានធ្លាក់មកជាមួយ ពិតាន កម្ពស់ជិត១០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ទាំងពីរនាក់ កាលពី
វេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២នេះ ដែលមានទីតាំង ស្ថិត
នៅតាមផ្លូវ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ពោលនៅខាងជើងផ្សារចាស់។

កម្មករ ដែលជាមិត្តភក្តិរបស់ជនរងគ្រោះ ខណៈកំពុងអង្គុយរង់ចាំនៅក្រៅបន្ទប់សង្រ្គោះបន្ទាន់
បាននិយាយថា មិត្តភក្តិរបស់ខ្លួន ដែលរងរបួសធ្ងន់ទាំងពីរនាក់នេះ ម្នាក់ ឈ្មោះ នី និងម្នាក់ទៀត
ឈ្មោះ ពៅ អាយុជាង ២០ឆ្នាំ បានធ្លាក់ពីលើអគាររតនាគារជាតិ ខណៈកំពុងវាយពិតាននៅផ្នែក
ខាងលើ។ ក្រោយកើតហេតុភ្លាមៗ ត្រូវបានដឹក យកមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា អ្នកម៉ៅការសំណង់ជួសជុលអគាររតនាគារជាតិ ជាអ្នកចេញ
លុយថ្លៃព្យាបាល ឬយ៉ាងណានៅឡើយទេ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ