CamNews

ព័ត៌មានជាតិ 

ប៉ា សុជាតិវង្ស៖ ការដាក់ឲ្យសាកល្បង រថយន្តក្រុង នឹងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ នៅក្រុងភ្នំពេញ

ភ្នំពេញ៖ អភិបាល រាជធានីភ្នំពេញ បានប្រាប់ពី មូលហេតុថា ការដាក់ឲ្យ សាកល្បង រថយន្ត ក្រុង នឹងជួយ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដែលការអះអាង បែបនេះ ធ្វើឡើងនៅក្នុង ពិធី សម្ពោធដាក់ឲ្យ សាកល្បង រថយន្តក្រុង ក្នុងរាជធានីភ្នំពេញ ជាលើកទី២ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ការដំណើរការគម្រោង សាកល្បង ដែលមាន រថយន្តក្រុង ១០គ្រឿងនេះ “គឺដើម្បីបញ្ជៀសគ្រោះថ្នាក់ផង ដើម្បី បញ្ជៀសការស្ទះ ចរាចរណ៍ផង ធ្វើឲ្យទីក្រុងរបស់ យើង កាន់តែមានសណ្តាប់ធ្នាប់ ល្អប្រសើរឡើងផង និងហាម មិនឲ្យមានការ ចតយាន យន្តតាមចិញ្ចើមផ្លូវ ដែលជាបញ្ហាមួយ នាំឲ្យមានការស្ទះចរាចរណ៍ ”។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅថ្ងៃរាជធានីភ្នំពេញក្នុងឆ្នាំ២០១៣កន្លងទៅ មាន មនុស្ស ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួនជាង ១០០នាក់ របួសធ្ងន់ស្រាលជាង ១.០០០ នាក់ និងខូចខាតអស់ទ្រព្យសម្បត្តិអស់ជាង ៣០០លានដុល្លារអាម៉េរិក។

នៅក្នុងឱកាសនោះ លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន មាន ប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់នូវរថយន្តក្រុងនេះ គឺជួយកាត់ បន្ថយនូវការប្រើប្រាស់យាន យន្ត និងការបន្ថយការកកស្ទះចរាចរណ៍ ដែលទីក្រុងធំៗ នៅលើពិភពលោកបានអនុវត្តយ៉ាង ល្អ។

លោកបានបន្តថា “ការដាក់ឲ្យដំណើរការដឹកជញ្ជូនសេវាសាធារណៈនូវរថយន្តក្រុងនេះ គឺ អាចដឹកអ្នកដំណើរច្រើនក្នុងពេលតែមួយ ជាដំណោះស្រាយដ៏សមរម្យបំផុត ដើម្បីកាត់បន្ថយ ការកកស្ទះនូវក្នុងរាជធានីភ្នំពេញ។ ការធ្វើដំណើរតាមរថយន្តក្រុងនេះ គឺមានសុវត្ថិភាព, ផាសុកភាព, ចំណាយថវិកាតិច និងកាត់បន្ថយពេលវេលា”។

ការដាក់ឲ្យដំណើរការរថយន្តក្រុងក្នុងរាជធានីភ្នំពេញ ជំហានទី១ បានដាក់ឲ្យដំណើរការតាម បណ្តោយផ្លួវមុនីវង្ស ដែលសម្ពោធនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ, ជំហានទី២ នឹងដាក់ឲ្យ ដំណើរការតាមបណ្តោយផ្លូវ កម្ពុជាក្រោម និងជំហានទី៣ នឹងដាក់ឲ្យដំណើរការតាមបណ្តោយ ផ្លូវម៉ៅសេទុង។ ហើយសម្រាប់ ជំហានទី១ ដែលដាក់ឲ្យដំណើរការនៅតាមបណ្តោយផ្លូវ ព្រះមុនី វង្សចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ ខាងមុខ នេះ រថយន្តក្រុងចេញដំណើរ ពីម៉ោង៥ និង ៣០នាទីព្រឹក ដល់ម៉ោង៨ និង៣០នាទីយប់ ដោយមានចំណតចំនួន ៤០កន្លែង ពីចំណតមួយទៅចំណតមួយទៀត ប្រើរយៈពេល១០ ទៅ១៥ នាទី ហើយតម្លៃសាកល្បង ១.៥០០រៀល ក្នុងការប្រើប្រាស់សេវានេះ ហើយសាលារាជធានីភ្នំពេញមានគម្រោងបន្ថែមទៀត រហូតដល់៥ជំហាន។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០១ មានការសាកល្បងដាក់ឲ្យប្រើប្រាស់រថយន្តក្រុង បែបនេះម្តងរួចមកហើយ ប៉ុន្តែត្រូវបានបរាជ័យ ពីព្រោះមិនសូវមានមនុស្សជិះ នាំឲ្យក្រុមហ៊ុន ខាតបង់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ