(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នឹងដឹកនាំមន្ដ្រីសហព័ន្ធកីឡាប្រដាល់កម្ពុជា រួមទាំងកីឡាករប្រមាណ២០នាក់ បាននឹងកំពុងជួបសំណេះសំណាលជាមួយ ស្ដេចប្រដាល់អាស៊ី Manny Pacquiao នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ទីដែលសេ្តចប្រដាល់រូបនេះស្នាក់នៅកម្ពុជាអស់មួយរាត្រី។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹង ការជួបកីឡាករប្រដាល់ដ៏ល្បីលើពិភពលោក Manny Pacquiao នេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយនេះគឺជាមោទនភាពមួយសម្រាប់វិស័យកីឡាកម្ពុជា ពិសេសគឺកីឡាប្រដាល់ក្បាច់គុនរាណខ្មែរ និងកីឡាប្រដាល់សាកលកម្ពុជាតែម្ដង ព្រោះ Pacquiao គឺជាកីឡាករគំរូមួយដ៏ល្អ សម្រាប់កីឡាករទូទាំងពិភពលោក រួមទាំងកម្ពុជា ហើយក៏ជាការលើកទឹកចិត្ត និងជំរុញវិស័យកីឡាប្រដាល់កម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា ក្រៅពីជំនួបស្វាគមន៍អ្នកប្រដាល់ជនជាតិហ្វីលីពីនខាងលើ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានគម្រោងស្នើសុំកីឡាករ Manny Pacquiao មកទស្សនកិច្ចផ្លូវការជាលើកទី២ នៅកម្ពុជា តាមការអញ្ជើញរបស់ខ្លួនផងដែរ ដើម្បីចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសកីឡាប្រដាល់ ដល់កីឡាករ-កីឡាការិនីកម្ពុជានាពេលខាងមុខ។
គួរបញ្ជាក់ថា Manny Pacquiao បានធ្វើដំណើរមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូនេះ នៅក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង