(ម៉ានីល)៖ អតីតកីឡាករប្រដាល់សកលជើងឯកពិភពលោក Manny Pacquiao បានយកលុយចំនួន ១៥០លានដុល្លារ ដែលទទួលបានពីការប្រកួតចាញ់កីឡាករអាមេរិក Floyd Mayweather ទៅសង់ផ្ទះ ១០០០ខ្នងឲ្យប្រជាជនក្រីក្រហ្វីលីពីន។
តាមរយៈគេហទំព័រ Amazyble បានចេញផ្សាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះថា កីឡាករនិម្មិតរូប និងជាអ្នកនយោបាយ១រូបនៃប្រទេសហ្វីលីពីនបច្ចុប្បន្នផងនោះ បានយកថវិកាមួយចំនួន ក្នុងចំណោមថវិកាសរុប ១៥០លាន ដុល្លារ បន្ទាប់ពីប្រកួតចាញ់ Floyd Mayweather ដោយពិន្ទុកាលពីខែកញ្ញា ឆ្នាំ២០១៥ យកទៅសាងសង់ផ្ទះចំនួន ១០០០ខ្នង ចែកជូនជនគ្មានផ្ទះសម្បែងហ្វីលីពីនរស់នៅ។
កីឡាករវ័យ ៣៧ឆ្នាំដែលប្រកបអាជីពប្រដាល់ ២១ឆ្នាំមកនេះបានថ្លែងថា «ខ្ញុំសប្បាយចិត្តណាស់ ចំពោះការចំណាយ លុយក្នុងហោប៉ៅផ្ទាល់ខ្លួន សង់ផ្ទះឲ្យប្រជាជនខ្ញុំរស់នៅក្នុងខេត្ត Sarangani ហើយខ្ញុំនៅតែបន្តសកម្មភាពនេះដដែល ដោយគ្មានពាក្យរអ៊ូរទាំឡើយ ហើយក៏សុំអំពាវនាវឲ្យអ្នកមានទ្រព្យឯទៀតចូលរួមសកម្មភាពមនុស្សធម៌នេះផងដែរ»។
នេះជាលើកទី១ហើយសម្រាប់ Pacman ដែលធ្វើសកម្មភាពមនុស្សដែលមិនអាចកាត់ថ្លៃបាន ហើយវាស័ក្តិសមទៅនឹងអ្វីដែលរូបគេធ្លាប់បានលើកឡើងដែរថា «ការចូលប្រឡូកក្នុងឆាកនយោបាយ ក៏ជាការចូលរួម ចំណែកក្នុងជួយអភិវឌ្ឍន៍ និងប្រជាជនរបស់គេផងដែរ»។
សូមបញ្ជាក់ផងដែរថា Manny Pacquiao នឹងត្រូវឡើងសង្វៀនជាថ្មី ប្រកួតដណ្តើមខ្សែក្រវាត់ WBO ពីជើងខ្លាំងជនជាតិអាមេរិក Jessie Vargas នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ដែលជាការឡើងវ៉ៃលើកទី២ របស់គេក្នុងឆ្នាំ២០១៦នេះ ក្រោយពីផ្តួលកីឡាករ Timothy Bradley កាលពីខែមេសា ដោយពិន្ទុជាឯកច្ឆន្ទ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង