(ម៉ានីល)៖ អតីតស្តេចប្រដាល់លំដាប់លេខ២ ពិភពលោក Manny Pacquiao បានឈ្នះឆ្នោត និងទទួលបានអាសនៈមួយក្នុងព្រឹទ្ធសភាហ្វីលីពីន ដែលវាជាជំហានដ៏ប្រសើរ ដើម្បីឲ្យរូបលោកឈានទៅប្រកួតយកតំណែងប្រធានាធិបតីនា អាណត្តិក្រោយៗ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦ ។
ក្នុងការបោះឆ្នោតនោះដែរ Pacquiao បានទទួលសំឡេងគាំទ្រជាង ១៥.៥លានសំឡេង ដែលរូបលោកឈរនៅចំណាត់លេខរៀងទី៧ ក្នុងចំណោមបេក្ខជនទទួលសំឡេងគាំទ្រច្រើនជាងគេទាំង១២នាក់ ។
លទ្ធផលខាងលើនេះ គ្រាន់តែលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះសម្រាប់ Manny Pacquiao វ័យ៣៧ឆ្នាំ ដែលបាន ចូលនិវត្តន៍វិស័យកីឡាឈឺសាច់ដែលពីដើមខែមេសា ឆ្នាំ២០១៦ ក្រោយផ្តួលកីឡាករអាមេរិក Timothy Bradley ដើម្បីមានពេលាគ្រប់គ្រាន់ក្នុងការបម្រើនយោបាយក្នុងប្រទេសកំណើតរបស់ខ្លួនវិញម្តង ស្របពេល ដែលប្រជាជនជាច្រើនបានចាត់ទុករូបលោកជាវីរៈបុរសប្រចាំប្រទេសទៅហើយនោះ។
យ៉ាងណាក៏ដោយ លោកក៏នៅមានចំណុចខ្សោយមួយចំនួនផងដែរ ជាពិសេសគឺការលើកឡើង របស់លោកកាលពីខែកុម្ភៈមុនការបោះឆ្នោត អំពីជំហរចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដោយលោក បានលើកឡើងថា «មនុស្សដែលស្រឡាញ់ភេទដូចគ្នា គឺថោកទាបជាងសត្វទៅទៀត»។ បន្ទាប់ មកលោកក៏បានចេញមុខមកសុំទោស ចំពោះការលើកឡើងដូច្នោះ ដែលនាំឲ្យមនុស្សប្រភេទនេះឈឺចាប់ ប៉ុន្តែលោកក៏បានបញ្ជាក់ច្បាស់លាស់ដដែលថានឹងប្រឆាំងការរៀបការភេទដូចគ្នា៕
ប្រភព៖ AP
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង