ភ្នំពេញ ៖ ករណីក្មេងស្ទាវចំនួន ២នាក់ ដែលគេដឹងថា ជាកូនអ្នកមានលុយ ហើយបើករថយន្ដ
មែកសឺដេស ស៊េរីទំនើប ដេញបុកអ្នកជិះម៉ូតូ ប៉ងសម្លាប់ ព្រោះតែ ខឹងនឹងអ្នកជិះម៉ូតូ ធ្វើឱ្យរាំង
ស្ទះដល់ផ្លូវធ្វើដំណើររបស់ពួកគេនោះ ឥឡូវត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ គឺជាកូនថៅកែ
លក់រថយន្ដឈ្មោះ ម៉ុង ដែលមាន ទីតាំងនៅម្ដុំផ្លូវស្ដុបទេពផន ហើយករណីនេះ សមត្ថកិច្ចក៏បាន
ឃាត់រថយន្ដ និងអ្នកបើកបរយកទៅកាន់ស្នង ការដ្ឋាន ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ បន្ទាប់
ពីជន រងគ្រោះ បានដាក់ពាក្យបណ្ដឹង ។
ប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ក្មេងស្ទាវដែលជាម្ចាស់រថយន្ដបង្ក ត្រូវបានគេស្គាល់ឈ្មោះ
ចាន់ ប៉ថេង អាយុជាង ២០ឆ្នាំ ជាកូនថៅកែ លក់រថយន្ដ ឈ្មោះ ម៉ុង មានទីតាំងនៅម្ដុំស្ដុបទេពផន។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៣ នៅតាម
បណ្ដោយផ្លូវលេខ ៥១កែង១០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ មានកើតករណីក្រុមក្មេងស្ទាវ
ជិះរថយន្ដមែកសឺដេស ស៊េរីទំនើប មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-1000 ដែលនៅក្នុងរថ
យន្ដនោះមាន មនុស្សជិះចំនួន ២នាក់ បានបើកដេញបុកម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក
លេខ 1BO-4794 ដែលជិះដោយយុវជនម្នាក់ឈ្មោះ វុធ វឌ្ឍនា អាយុ ២០ឆ្នាំ ជានិស្សិតនៅសាកល
វិទ្យាល័យន័រតុន មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូ
រងនូវការខូចខាតអស់មួយចំនួន និងម៉ូតូ ២គ្រឿងទៀត ក៏រង ការខូចខាតដែរ។
បន្ទាប់ពីជិះរថយន្ដ ដេញបុកអ្នកជិះម៉ូតូ បណ្ដាលឱ្យដួលហើយ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញក៏បាន
ចុះទៅឡោមព័ទ្ធ ឃាត់រថយន្ដខាងលើនេះ បាន តែក្មេងស្ទាវ ខាងលើនេះ មិនព្រមចុះពីលើរថយន្ដ
មកធ្វើការដោះស្រាយនោះឡើយ មិនតែប៉ុណ្ណោះ ក្មេងស្ទាវរូបនេះ អង្គុយជក់បារីក្នុងរថយន្ដធ្វើព្រ
ងើយ ហើយថែមទាំងយក ទូរស័ព្ទ ថតរូបសមត្ថកិច្ចថែមទៀតផង ។ ក្រោយពីមិនគោរពតាមសមត្ថ
កិច្ច និងបន្ទាប់ពីមានបញ្ជាពីស្នងការរាជធានី លោក ស្នងការរង ស សុខា បានដឹកនាំកម្លាំង ចុះទៅ
ដល់កន្លែងកើតហេតុ រួចហើយបញ្ជាឱ្យយករថយន្ដស្ទូច ទៅស្ទូចរថយន្ដបង្កខាងលើនេះ ទាំងអ្នក
ជិះនៅខាងក្នុង យកទៅកាន់ស្នងការដ្ឋានបាត់ទៅ ហើយ ក្នុងនោះសមត្ថកិច្ច ក៏បានណែនាំឱ្យជនរង
គ្រោះ ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ផងដែរ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៣ ខែកុម្ភៈនេះ លោក ស សុខា
ស្នងការរងរាជធានីភ្នំពេញបានថ្លែង ប្រាប់ដើមអម្ពិលឱ្យដឹងថា រូបលោកគ្រាន់តែដឹកនាំកម្លាំងចុះទៅ
ស្ទូចរថយន្ដយកទៅដាក់នៅអង្គភាពតែប៉ុណ្ណោះ បន្ទាប់ពីទទួលបញ្ជាពីលោកស្នងការ ចំណែកឯអ្នក
បើកបរបង្ក លោកបាន ប្រគល់ទៅឱ្យខាងព្រហ្មទណ្ឌ ជាអ្នកសួរចម្លើយ និងកសាងសំណុំរឿងដើម្បី
ឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង ។
លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ដើមអម្ពិល ឱ្យ
ដឹងថា ករណីខាងលើនេះ លោកបានបញ្ជាឱ្យ ដោះស្រាយតាមច្បាប់ តែលោកទទួលព័ត៌មានថា
ភាគីរងគ្រោះនិងភាគីបង្ក បានចរចាគ្នាដោះស្រាយសំណងបញ្ចប់រឿង ដោយសារតែករណី នេះ មិនបានធ្វើឱ្យប៉ះពារគ្នាធ្ងន់ធ្ងរនោះឡើយ។
អ្នកច្បាប់មួយរូប បានអះអាងឱ្យដឹងថា ករណីខាងលើ បើតាមការពិនិត្យទៅលើអង្គហេតុជាក់ស្ដែង
វាមិនមែនជាករណីគ្រោះថ្នាក់ចរាចរ ត្រូវ ដោះស្រាយគ្នា តាម សំណងរដ្ឋប្បវេណី ដើម្បីបញ្ចប់រឿង
នោះទេ បើទោះបីករណីខាងលើ ផ្ដើមចេញពីការជិះម៉ូតូ និងបើករថយន្ដរកប៉ះពារគ្នាក៏ដោយ។ អ្នក
ច្បាប់ខាងលើ បានអះអាង បន្ថែមថា បើពិនិត្យលើអង្គហេតុ និងសកម្មភាពជាក់ស្ដែង វាជាករណី
បទល្មើសព្រហ្មទណ្ឌ ព្រោះតែ ភាគីបង្ក បានបើករថយន្ដតាមដេញបំបុកអ្នកជិះម៉ូតូ តែ សំណាងល្អ ដែលបុកមិនទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយគ្រាន់តែដួលម៉ូតូខូចខាត ប៉ុណ្ណោះ តែប្រសិនបើបុក
ចំពេញទំហឹង ធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ឬក៏ រហូតដល់ស្លាប់នោះ វាគឺជាករណីមនុស្សឃាត
ដោយចេតនាជាមិនខាន ដែលច្បាប់មិនគួរលើកលែង ដែលជាការលើកទឹកចិត្ដ ធ្វើឱ្យអ្នកផ្សេងៗ
ទៀត អាងមានលុយ មានអំណាច ចូលចិត្ដបំពានច្បាប់នោះឡើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល