CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច ដេញវាយកម្មករ ខណៈកំពុង ធ្វើកូដកម្ម

ភ្នំពេញ ៖ កម្មករ២នាក់នៃរោងចក្រ Conpress Holding បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវ
បានកម្លាំង មានសមត្ថកិច្ចដេញវាយពួកគេ ខណៈ កំពុងធ្វើកូដកម្ម ដើម្បីទាមទារតំណាង ចំនួន
៦នាក់ ឲ្យចូលធ្វើការដូចដើមវិញ។

កញ្ញា យុង លាភ ជាតំណាងកម្មករ បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ
២០១២ថា ក្រុមកម្មករបានធ្វើកូដកម្ម អស់រយៈពេល២ថ្ងៃ មកហើយ ដើម្បីទាមទារឲ្យតំណាង
របស់ខ្លួន ចូលធ្វើការដូចដើមវិញ បន្ទាប់ពីភាគីរោងចក្របានបញ្ឈប់ការងារ របស់ពួកគេនាពេល
កន្លងមក ហើយ នៅព្រឹកនេះដែរ ក៏មានកម្មករប្រមាណជា ៥០០នាក់ បានចូលរួមធ្វើកូដកម្មទៀត ប៉ុន្តែនៅតែពុំមានដំណោះស្រាយដដែល។

កញ្ញាបន្តថា ខណៈកម្មករកំពុងធ្វើកូដកម្ម ហើយមានការដុតសំបកកង់រថយន្ត ដែលមានផ្សែងហុយ
ទ្រលោម ពាសពេញមុខរោងចក្រនោះ ស្រាប់តែ រដ្ឋបាលរោងចក្របានបញ្ជា ឲ្យសន្តិសុខចេញយក
បំពង់ពន្លត់អគ្គិភ័យ ហើយបង្កឲ្យមានភាពវឹកវរ រួចមួយសន្ទុះក្រោយមក ខាងរោងចក្រក៏បានបញ្ជា
សន្តិសុខដដែល មកកាត់ផ្តាច់ខ្សែម៉ៃក្រូហ្វូន របស់ក្រុមកម្មករទៀត ខណៈពួកគេបានស្រែកទាមទារ
នៅពីមុខរោងចក្រ។ ព្រមជាមួយគ្នានេះដែរ ក៏ប្រទូសរ៉ាយដាក់គ្នាមួយប្រាវរវាងកម្លាំងមានសមត្ថកិច្ច
និងកម្មករ ដោយកម្មការិនី២នាក់ បានរងរបួសធ្ងន់ស្រាលផងដែរ។

កញ្ញាបញ្ជាក់ថា “កាលណាបាញ់ផ្សែងពន្លត់អគ្គិភ័យហ្នឹងវាហុយ ហើយងងឹត ហើយខាងសន្តិសុខ
ក្រុមហ៊ុនហ្នឹងខូចណាស់ ដោយខាងរដ្ឋបាលឲ្យ គេមកវ៉ៃកម្មករ ហើយក៏មានការប្រទូសរ៉ាយដាក់គ្នា
តែម្តងទៅ ហើយរដ្ឋបាលក៏បានឲ្យសន្តិសុខ មកកាត់ខ្សែមីក្រូទៀតដល់ពេល ឃើញអីចឹង កម្មករក៏
ទៅចាប់សន្តិសុខ ហើយក៏បានរបូតកន្រ្ដៃពីដៃសន្តិសុខ ហើយកម្មករក៏បានរើសទុក ប៉ុន្តែប៉ូលិសក៏
មកចាប់កម្មករ ដោយចោទប្រកាន់ថា ចង់សម្លាប់សន្តិសុខហ្នឹងទៅវិញ”។

ប្រធានរដ្ឋបាលរោងចក្រ Conpress Holding បានឲ្យដឹងថា ចំពោះបញ្ហានេះលោកមិនបានដឹងនោះទេ
ព្រោះលោកកំពុងជាប់ធ្វើការនៅ ខាងក្នុង រោងចក្រ ហើយសន្តិសុខក៏មិនបានចេញមកក្រៅរបងដែរ ប៉ុន្តែនៅពេលឃើញភ្លើងឆាបឆេះក៏យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ដោយពុំមានវាយទៅលើ
កម្មករនោះទេ ។

លោកបន្តថា “គ្មានបានវ៉ៃអីទេ ព្រោះសមត្ថកិច្ចនៅហ្នឹងដែរ ពួកគាត់ដែលជាអ្នកវ៉ៃប៉ូលីសទៅវិញ
ទេ ព្រោះពួកគាត់មានគ្នាច្រើន ហើយឃើញមាន ភ្លើងឆេះ ខាងសមត្ថកិច្ចក៏បានឲ្យរោងចក្រ យក
បំពង់ពន្លត់អគ្គិភ័យមកពន្លត់ ឲ្យបានទាន់ពេលវេលា ហើយក៏បានប្រតែប្រតប់ជាមួយកម្មករទៅ”។

សូមជម្រាបថា កម្មកររោងចក្រ ខនប្រេសហូលឌីង មានទីតាំងស្ថិតនៅចាក់អង្រែលើ ខណ្ឌមាន
ជ័យ រាជធានីភ្នំពេញក្រុមកម្មករធ្លាប់ធ្វើកូដកម្ម ម្តងរួចហើយកាលពីពេលកន្លងមក ដើម្បីទាមទារ
ឲ្យតំណាងចូលធ្វើការវិញ ដោយមានក្រុមអាជ្ញាធរមូលដ្ឋានបានចុះទៅសម្របសម្រួលរវាងថៅ
កែ និងក្រុមកម្មករ ប៉ុន្តែពុំមានលទ្ធផលណាមួយ ដែលអាចទទួលយកបានទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ