ប្រទេសបារាំងនឹងគាំទ្រដល់ការអភិវឌ្ឍបណ្តាញបញ្ជូនថាមពលអគ្គីសនីរបស់កម្ពុជា ដែលមានទឹកប្រាក់ ៣០ លានដុល្លារដែលផ្ដល់ជាហិរញ្ញប្បទាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក Remi Riou អ្នកចាត់ការទូទៅនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាននាពេលខាងមុខឆាប់ៗ។
សេចក្តីថ្លែងការណ៍បាននិយាយថា ”តាមគម្រោង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមួយ សម្រាប់គម្រោងទំនើបភាវូបនីយកម្មប្រព័ន្ធបញ្ជូនថាមពល ដែលមានទឹកប្រាក់ចំនួន ២៩,១ លានអឺរ៉ូ”។
គម្រោងនេះ មានគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងថាមពល ដោយប្រើបណ្តាញអគ្គិសនីវៃឆ្លាត និងបង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល។
យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានខ្សែបញ្ជូនថាមពលអគ្គិសនីប្រវែង ២,១៤១ គីឡូម៉ែត្រ និងអនុស្ថានីយចំនួន ៣៣ កន្លែង។
កាលពីខែមករា ដើមឆ្នាំនេះ រដ្ឋាភិបាលបាននិយាយថា ខេត្តចំនួន ២៤ ក្នុងប្រទេសនឹងត្រូវបានតភ្ជាប់បណ្តាញអគ្គីសនីរបស់រដ្ឋ នៅឆ្នាំ ២០២០។
របាយការណ៍ដដែលបន្តថា ខេត្តចំនួន ៥ ដែលមិនទាន់ទទួលបានបណ្តាញអគ្គីសនីរបស់រដ្ឋមាន ខេត្តត្បូងឃ្មុំ កំពង់ធំ ឧត្តរមានជ័យ រតនគិរី និងខេត្តមណ្ឌលគិរី។
បច្ចុប្បន្ននេះ ៨៧ ភាគរយនៃភូមិចំនួន ១៤.១៦៨ ភូមិ ទូទាំងប្រទេស មានថាមពលអគ្គីសនីប្រើប្រាស់។
កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានប្រើប្រាស់ថាមពលអគ្គីសនី ២,៦៥០ មេហ្គាវ៉ាត់ ដែលកើនឡើង ១៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ៕
ប្រភព ៖ khmertimes