ក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថាក្រុមហ៊ុនរុករករ៉ែពីរ នឹងចាប់ផ្តើមផលិតមាសនៅប៉ុន្មានខែខាងមុខនេះ។
លោក ប៉េង ណាវុធ អនុរដ្ឋលេខាធិការក្រសួង បានថ្លែងថា ក្រុមហ៊ុន Mesco Gold ដែលគ្រប់គ្រងដោយក្រុមហ៊ុនឥណ្ឌា នឹងចាប់ផ្តើមទាញយករ៉ែមាសបាននៅឆ្នាំនេះ ខណៈក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលី នឹងចាប់ផ្តើមនៅឆ្នាំ ២០២០ ។
លោក ណាវុធ បានថ្លែងនៅក្នុងវេទិកាស្តីពីអភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្មលើកទី ៧ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
នៅឆ្នាំ ២០១៦ ក្រុមហ៊ុន Mesco Gold (កម្ពុជា) ត្រូវបានផ្តល់អាជ្ញាប័ណ្ណ រុករករ៉ែ ជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងអណ្តូងមាស ភូមិ ស៊ីយ៉ារុង ក្នុង ខេត្តរតនគិរី។
ក្រុមហ៊ុន Renaissance Minerals (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Emerald Resources NL ត្រូវបានផ្តល់អាជ្ញាប័ណ្ណរុករករ៉ែនៅឆ្នាំ ២០១៨ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១១,៥ គីឡូម៉ែត្រការ៉េ នៅគម្រោងមាស អូខ្វាវ ស្រុកមណ្ឌលសីមា ខេត្តមណ្ឌលគិរី។
លោក ណាវុធ មិនអាចផ្តល់នូវការប៉ាន់ប្រមាណអំពីចំនួនមាសដែលត្រូវទាញយកចេញ ពីក្រុមហ៊ុននីមួយៗនោះទេ។
លោក ម៉េង សុធារ៉ា រដ្ឋលេខាធិការក្រសួងបានថ្លែងថា កម្ពុជានឹងក្លាយជា ទីចាប់អារម្មណ៍កាន់តែខ្លាំងចំពោះក្រុមវិនិយោគិន នៅពេលដែលខ្លួនបានអនុញ្ញាតិ ឱ្យមានការរុករករ៉ែមាស និងរ៉ែប្រេង។
លោក សុធារ៉ា បានមានប្រសាសន៍ថា ”នៅពេលយើងចាប់ផ្តើមផលិតមាស និងប្រេងឆៅ ក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន ចង់វិនិយោគក្នុងវិស័យនេះ” ។
លោក John-Paul Dau ប្រធានក្រុមហ៊ុន Angkor Gold បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្តើមផលិតមាស ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
លោកបានបន្តថាក្រុមហ៊ុន Angkor Gold មានអាជ្ញាប័ណ្ណរុករកប្រេង ៥ កន្លែង ដែល ៤កន្លែង ក្នុងខេត្តរតនគិរី និងមួយទៀតនៅខេត្តមណ្ឌលគិរី។
ក្រុមហ៊ុនដែលបានចូលក្នុងប្រទេសនេះកាលពីមួយទសវត្សរ៍មុន បានចំណាយពេល ៥ ឆ្នាំដើម្បីរុករកគម្រោងប្រេងនិងឧស្ម័ននៅឈូងសមុទ្រ។
លោក Paul Dau បានមានប្រសាសន៍ថា ”វាគឺជាពេលវេលាដ៏រំភើប។ អ្នកទទួលបានគម្រោងធំៗនៅកម្ពុជា ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការឈានដល់ដំណាក់កាលផលិតកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលនឹងជំរុញឲ្យមានចំណូលពន្ធ និងការនាំចេញ” ។
”ចំពោះវិស័យធនធានធម្មជាតិ វាគឺជាពេលវេលាដ៏រំភើប។ វាជាដំណើរដ៏វែងឆ្ងាយ ប៉ុន្តែប្រទេសកម្ពុជាឥឡូវនេះ បានក្លាយជាប្រទេសរ៉ែ មួយ ” ៕
ប្រភព ៖ khmertimes