CamNews

ព័ត៌មានជាតិ 

ទម្លាប់ស្អីគេចេស, «បើគ្រួសារណាមានអ្នកស្លាប់តៃហោង» ត្រូវដុតផ្ទះចោល និងបណ្ដេញចេញពីភូមិឋានទៀត

(មណ្ឌលគិរី)៖ ជនជាតិភាគតិចនៅមណ្ឌលគិរី នៅតែបន្តជឿលើប្រពៃណីទំនៀមទម្លាប់របស់ខ្លួន យ៉ាងតឹងរ៉ឹងបំផុត ចំពោះគ្រួសារណាដែលមានអ្នកស្លាប់តៃហោង គឺត្រូវបានគេចាត់ទុកថា ចង្រៃដល់អ្នកស្រុកឯទៀត ដូច្នេះចង់មិនចង់ គ្រួសារនោះ ត្រូវតែដុតបំផ្លាញផ្ទះ និងរបស់របរចោលទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ត្រូវអ្នកភូមិបណ្ដេញចេញពីភូមិឋានរបស់ខ្លួនថែមទៀត។

អ្នកស្រី វ៉ិ បូរ៉ា អាយុ៥៦ឆ្នាំ រស់នៅភូមិពូលូង ឃុំរមនា ក្រុងសែនមនោរម្យ ឲ្យដឹងថា កន្លងមកកូនកម្លោះរបស់គាត់ម្នាក់ អាយុ២០ឆ្នាំ បានបាត់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រួសារគាត់ត្រូវដុតរបស់របរចោលទាំងអស់ រួមទាំងផ្ទះទៀតផង ក្នុងនោះរបស់របរ ដូចជា កន្ទេល ម៉ុង ភួយ ចានឆ្នាំង វែក ស្លាបព្រា តុ ទូ គ្រែដេក កង់ ម៉ូតូ ដីធ្លីធ្លាប់រស់នៅក៏ត្រូវចាកចេញ ទៅរស់នៅកន្លែងផ្សេងដែរ។ គ្រួសារគាត់ត្រូវសែនព្រេនជូនអ្នកភូមិ ចំនួន៣លើក មួយលើកៗ ត្រូវកាប់គោ ពពែ ជ្រូក មាន់ ទា ឆ្កែ ដើម្បីកុំឲ្យកើតចង្រៃក្នុងគ្រួសារខ្លួនឯងផង និងអ្នកភូមិផង។

លោក ក្រើក ទ្រី អាយុ៥៥ឆ្នាំ ជាមន្រ្តីនគរបាលជនជាតិព្នង បានលើកឡើងថា រូបគាត់ក៏ចង់ឲ្យបងប្អូនជនជាតិភាគតិច មានការយល់ដឹងអំពីករណីស្លាប់មនុស្សទាំងពីរប្រភេទ ខាងលើនេះ ដោយឡែកពីគ្នា ទីមួយស្លាប់ដោយសារចង.ក លង់ទឹក ខ្យល់គរ និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមកុំឲ្យពួកគាត់ដាក់បញ្ចូល ទៅក្នុងប្រពៃណី ព្រោះវាជាករណី ស្លាប់ដោយទំនើប មិនមែនកើតមានតែជនជាតិព្នងនោះឡើយ គឺកើតមានទូទាំងសកលលោក។

លោក ភី ងូក ចៅសង្កាត់រមនា បានឲ្យដឹងថា លោកបានទទួលស្គាល់ថា បញ្ហានេះពិតជាកើតឡើងប្រាកដមែន ហើយកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង ដោយលោកយល់ឃើញថា វាអាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពផ្ទាល់របស់ពួកគាត់។

លោកចៅសង្កាត់បានបន្តថា លោកនឹងធ្វើការណែនាំអប់រំពួកគាត់ ឲ្យបានយល់អំពីរឿងនេះ តាមអ្វីដែលអាចធ្វើបាន ដើម្បីកាត់បន្ថយការចំណាយលើបញ្ហានេះ បានមួយកម្រិតទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news