(ភ្នំពេញ)៖ តារាកំប្លែង និងចម្រៀងត្រូវបានគេស្គាល់គ្រប់គ្នាថា ជាកូនប្រុសបង្កើតតារាកំប្លែង និងចម្រៀងអាយ៉ៃយាយ យ៉យ គឺលោក ខេង រតនៈ ហៅនាយ ព្រែក កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសម្រេចចិត្តភ្ជាប់ពាក្យ ជាផ្លូវជាមួយនារីយវ័យក្មេង មានឈ្មោះថា ជា ស្រីតី ខណៈពិធីនេះ បានរៀបចំធ្វើឡើង ដោយមានភ្ញៀវចូលរួមដឹងឮ ពីសំណាក់ឪពុកម្តាយ ញាតិមិត្តបងប្អូនទាំងសងខាង។
បើតាមប្រភពពីរង្វង់អ្នកសិល្បៈស្និទ្ធស្នាល ជាមួយនាយ ព្រែក បានប្រាប់ឲ្យដឹងថា ពិធីភ្ជាប់ពាក្យរបស់នាយ ព្រែក ជាមួយគូស្នេហ៍វ័យក្មេងស្រស់ស្អាតនេះ បានធ្វើឡើងនៅគេហដ្ឋានខាងស្រី ឯទឹកដីខេត្តកំពងចាម ព្រោះកូនក្រមុំអនាគតភរិយារបស់នាយ ព្រែក មានទីលំនៅ និងរកស៊ីនៅទីនោះ។
ប្រភពដដែលបានបន្ថែម ដោយខ្លីទៀតថា ពិធីភ្ជាប់របស់នាយ ព្រែក គឺមានអញ្ជើញភ្ញៀវអ្នកសិល្បៈចូលរួមតិចតួចបំផុត ដោយហេតុថា នាយមិនចង់រំខានចិត្តគេច្រើន ពោលគឺចាំដល់មង្គលការឆ្នាំក្រោយ ទើបរៀបចំធំដុំ ហៅភ្ញៀវសិល្បៈចូលរួមច្រើន។ ដោយឡែកក្រៅពីការបង្ហើបខាងលើ Acount Facebook ឈ្មោះថា ជា សុជាតា ក៏បានសរសេរបង្ហោះភ្ជាប់ជាមួយរូបភាពថា «ថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យក្មេងតូចរបស់បង»។
«បងពិតជាសប្បាយចិត្តណាស់ ដែលប្អូនរកបានមនុស្សដែលប្អូនស្រឡាញ់ ហើយបានកាន់ដៃគ្នាបង្ហាញមនុស្សទាំងអស់ថា ប្អូនពិតជាស្រឡាញ់គ្នាពិតប្រាកដ បងជូនពរឲ្យប្អូនទាំងពីរស្រឡាញ់គ្នារហូតទៅ ហើយត្រូវចេះអត់ឱនឲ្យគ្នាណាបងស្រីស្រឡាញ់ប្អូនទាំងពីរ!»។ នេះជាពក្យសម្តីជូនពរ ពីសំណាក់ម្ចាស់ Acount Facebook ឈ្មោះថា ជា សុជាតា ដល់គូស្នេហ៍របស់នាង ព្រែក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង