CamNews

ទេសចរណ៍ 

អស្ចារ្យណាស់, ឆ្នេរសមុទ្រ កោះរ៉ុង ជាប់លេខ១ ជាឆ្នេរស្អាតជាងគេលើពិភពលោក

(ភ្នំពេញ)៖ ​ឆ្នេរសមុទ្រកម្ពុជា ត្រូវបានទស្សនាវត្តីដ៏ល្បីល្បាញមួយរបស់អាមេរិក រៀបរាប់ពីសោភ័ណភាព និងលើកកិត្តិនាមប្រាប់ទៅពិភពលោកបញ្ជាក់ថា «ជាឆ្នេរស្អាតជាងគេ ឈរលើលំដាប់ថ្នាក់លេខ១ លើសកលលោក ប្រចាំឆ្នាំ២០១៧» ក្នុងចំណោមឆ្នេរសមុទ្រស្អាតជាងគេទាំង២១ឆ្នេរ ជុំវិញពិភពលោក។

យោងតាមការចេញផ្សាយនាពេលថ្មីៗនេះ របស់គេហទំព័រ​​ទេសចរណ៍​ និង​ជា​ទស្សនាវដ្ដី​​អាមេរិក​​ National Geographic ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បី​ឈ្មោះ​មួយនោះ បាន​ធ្វើចង្អុលថា ​​​«ឆ្នេរ​សមុទ្រកម្ពុជា ជាឆ្នេរសមុទ្រ​​​ស្អាត​​ជាង​គេ​​បំផុតលើ​ពិភពលោក​ ប្រចាំ​ឆ្នាំ​​២០១៧»

លោក នី ផល្លី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៦ ខែមករានេះថា ទស្សនាវដ្ដី​​​​ National Geographic ជាអង្គភាពព័ត៌មានមួយ ដែលបានដើរយកព័ត៌មាន និងស្រាវជ្រាវពីតំបន់ទេសចរណ៍នានាជុំវិញពិភពលោក ហើយយកទៅវិនិច្ឆ័យ និងធ្វើការវាយតម្លៃតាមប្រព័ន្ធវាយតម្លៃរបស់គេ តួយ៉ាងដូចតំបន់ឆ្នេរសមុទ្រនេះជាដើម តែអ្វីដែលជាមោទនភាពនោះ ឆ្នេរកម្ពុជាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយបន្ថែមទៀត ទៅកាន់ទីផ្សារទេសចរពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយនេះ។

លោក នី ផល្លី បានបន្តថា កិត្តិនាមដ៏ពិសេសសម្រាប់ឆ្នេរសមុទ្រ និងជីវចម្រុះជាច្រើន ដែលមាននៅក្នុងសមុទ្រកម្ពុជានោះ ត្រូវបានសហគមន៍អន្តរជាតិជាច្រើន បានធ្វើការវាយតម្លៃថា ល្អស្អាតពិសេស ជាបន្តបន្ទាប់មកហើយ ជាក់ស្ដែង កាលពីឆ្នាំ២០១១ កន្លងទៅ កម្ពុជាបានចូលជាសមាជិកឆ្នេរស្អាតបំផុតក្នុងពិភពលោក ហើយបច្ចុប្បន្ន កម្ពុជាក៏មានតួនាទីជា អនុប្រធានក្លឹបឆ្នេរសុមទ្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ។

សូមជម្រាបថា រូបភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគនចង់ទៅទស្សនា នៃឆ្នេរសមុទ្រកម្ពុជា ដែលទស្សនាវដ្តី National Geographic លើកមកបង្ហាញទៅកាន់ពិភពលោកនោះ គឺជារូបភាពឆ្នេរសមុទ្រ មាននៅកោះរ៉ុង នៃខេត្តព្រះសីហនុ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Angkor Wat Cambodia Int news Hot news Breaking news