តុលាការខេត្តសៀមរាបកាលពីម្សិលមិញ បានចោទប្រកាន់បុរសម្នាក់ ពីបទកាប់សម្លាប់ស្ត្រីពីរនាក់ដែលត្រូវជាបងប្អូននឹងគ្នា បណ្ដាលឲ្យស្លាប់ដោយប្រើកាំបិតបុ័ងតោក្នុងជម្លោះដីធ្លី ក្នុងស្រុកសូត្រនិគម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ និង ៣០ នាទីរសៀលកាលពីថ្ងៃសៅរ៍ នៅភូមិដំរីកូន ឃុំពពេល ក្នុងស្រុកសូត្រនិគម។
លោកវរសេនីយ៍ឯក ដួង សុខា ប្រធាននាយកដ្ឋានឧក្រិដ្ឋកម្មខេត្ត បានកំណត់អត្តសញ្ញាណជនជាប់ចោទឈ្មោះ វ៉ូ វនអាយុ ៤៣ ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ។
ជនរងគ្រោះគឺជាបងប្អូនស្រីបង្កើត២នាក់ដែលមានឈ្មោះ វ៉ូ ឃឹម អាយុ ៤៩ ឆ្នាំ និង ឈ្មោះ វ៉ូ ឃុត អាយុ ៤២ ឆ្នាំ អ្នកទាំងពីរជាកសិករ ដែលរស់នៅជិត ជនសង្ស័យឈ្មោះ វ៉ូ វន។
លោក សុខា បាននិយាយថាជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទឃាតកម្មដោយចេតនា ហើយប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំប្រសិនបើត្រូវបានផ្តន្ទាទោស។ គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយពេលនេះកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងរង់ចាំការកាត់ក្តី។
លោក កែវ សារឿន មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុក បាននិយាយកាលពីម្សិលមិញថា យោងតាមការស៊ើបអង្កេតរបស់នគរបាល និងរបាយការណ៍របស់អ្នកជិតខាង លោក វន នៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃសៅរ៍ បានចាប់ផ្តើមជីកដីរបស់ ឈ្មោះ ឃឹម ដើម្បីសង់បន្ទប់ទឹកសម្រាប់គ្រួសាររបស់គាត់។
ពេលនោះ អ្នកស្រី ឃឹម បានចេញពីក្នុងផ្ទះ ហើយប្រាប់លោក វន អោយបញ្ឈប់ប៉ុន្តែលោក វន មិនអើពើ ហើយអះអាងថាគាត់ជាម្ចាស់ដីនោះ។ ជនជាប់ចោទបានអះអាងថា ម្តាយគាត់បានចែកដីអោយគាត់មុនពេលស្លាប់នៅក្នុងឆ្នាំ ២០១៣ និងបានចោទប្រកាន់បងស្រីរបស់គាត់ថាបានចាប់យក។
លោក សារឿនបានឱ្យដឹងថា ក្នុងកំឡុងពេលអ្នកទាំងពីរបានឈ្លោះប្រកែកគ្នា លោកស្រី ឃឹម បានដាក់បណ្តាសា លោក វន។ គាត់ខឹងនឹងលោកស្រី ឃឹម ដែលមិនឲ្យគាត់ជីកដី ហើយប្រមាថគាត់ទៀត គាត់បានយកកាំបិតបុ័ងតោ កាប់ទៅលើនាងជាច្រើនកាំបិត ហើយគាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរនៅលើថ្គាម និងក” ។
អ្នកស្រី ឃុត ដែលជាប្អូន ឃើញបងប្រុស កាប់បងស្រី ក៏បានស្រែកឲ្យគេជួយ។ លោក វន បានរត់ទៅដេញកាប់ លោកស្រី ឃុត ទៀតនៅពេលនាងកំពង់រត់ភៀសខ្លួនទៅវាលស្រែ ហើយបានកាប់នាងជាច្រើនកាំបិត នៅលើថ្គាមខាងឆ្វេង ត្រចៀកខាងស្តាំ និងបំពង់ក ហើយនាងបានស្លាប់ចម្ងាយប្រហែល ៥០ ម៉ែត្រពីផ្ទះរបស់នាង។
លោកបានមានប្រសាសន៍ថាបន្ទាប់ពីបានសម្លាប់ជនរងគ្រោះទាំងពីរនាក់ លោក វន បានរត់ភៀសខ្លួនពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានប៉ូលិសចាប់ខ្លួននៅម៉ោងប្រហែល ៦:៣០ ល្ងាចថ្ងៃដដែល។ បន្ទាប់ពីការចាប់ខ្លួនប៉ូលីស រឹបអូសយកកាំបិតបុ័ងតោពីគាត់ ៕
ប្រភព ៖ khmertimes