ភ្នំពេញ ៖ បុរសម្នាក់រកស៊ីលក់ដូរ ដោយ សារតែបាត់កងដៃនិងក្រវិល មិនដឹងមុខ ក៏ រៀបចំអន្ទាក់ យកលុយដុល្លារ២០០ ដាក់ កន្លែងដែលបាត់ រួចបំពាក់ កាមេរ៉ាសុវត្ថិភាព ស្រាប់តែលេចមុខជនសង្ស័យម្នាក់មកលួច លុយដុល្លារនេះ ក៏ក្របួច បានតែម្ដង ។
ហេតុការណ៍ចោរលួចទ្រព្យសម្បត្ដិខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាល ពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិតនៅ ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
មន្ដ្រីនគរបាល ប៉ុស្ដិ៍កន្ទោក បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះគង់ ធារ៉ា អាយុ១៨ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ហើយមានស្រុកកំណើតនៅឃុំកំពង់អម្ពិល ស្រុកពារាំង ខេត្ដព្រៃវែង ដោយឡែកជនរងគ្រោះវិញ ឈ្មោះមិន សុផល ហៅកាយ អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ។
បើតាមសមត្ថកិច្ច ក្រោយពីបាត់កងដៃ និងក្រវិល រួចមក ជនរងគ្រោះបានរៀបចំ អន្ទាក់ ដោយយក លុយ ចំនួន ២០០ ដុល្លារ ដាក់នៅកន្លែងបាត់ ដោយបំពាក់កាមេរ៉ា សុវត្ថិភាព ស្រាប់តែនៅវេលាម៉ោងកើតហេតុ ក៏លេចមុខ ជនសង្ស័យ រូបនេះ ចូលមកលួចម្ដងទៀត ធ្វើឱ្យជនរងគ្រោះដឹងទាន់ស្រែកឆោឡោ ហើយពេលនោះ ជនល្មើស បានរត់គេចខ្លួន រហូតដល់ចំណុចទួលសេះស្លាប់ ក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ឡោមព័ទ្ធចាប់បានតែម្ដង ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួននៅប៉ុស្ដិ៍នគរបាលសង្កាត់កន្ទោក ដើម្បី បញ្ជូនទៅកាន់ អធិការដ្ឋាន នគរបាលខណ្ឌ ពោធិ៍សែនជ័យ ចាត់ការបន្ដតាមផ្លូវច្បាប់ ។
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល