ភ្នំពេញ ៖ បុរសវ័យជាង ៣០ឆ្នាំម្នាក់ បានស្លាប់នៅ ក្រោមកង់រថយន្ត លុច្សស៊ីស ៤៧០ ក្រោយពីមាន ជនសង្ស័យជា ក្រុមចោរឆក់ បានធាក់ផ្តួលម៉ូតូ បណ្តាលឲ្យដួល ពីព្រោះតែខឹងសម្បារ នឹងជនរងគ្រោះ បានជិះម៉ូតូដេញ តាមពួកវា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ ៨៖២០នាទី យប់ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤នេះ ស្ថិតនៅខាង មុខប៉ុស្តិ៍រដ្ឋបាល ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលនាំគ្នាឈរមើលហេតុការណ៍ បាននិយាយថា មុនពេលកើត ហេតុ ជនរងគ្រោះអាយុជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ម៉ាកសេដេ ពណ៌ខ្មៅ ត្រូវបាន ចោរឆក់ ទ្រព្យសម្បត្តិ សង្ស័យជា ទូរស័ព្ទ ពីកន្លែងផ្សេង ស្រាប់តែពេលនោះ ជនរងគ្រោះបាន ជិះម៉ូតូ ដេញតាមចោរ។
សេចក្តីរាយការណ៍បាន បន្តទៀតថា ខណៈជនរងគ្រោះកំពុងជិះម៉ូតូ ដេញតាមចោរឆក់ ក៏ត្រូវ បក្ខពួកចោរ ដែលជិះពីក្រោយ បានធាក់ផ្តួលនៅ ពេលជនរងគ្រោះជិះម៉ូតូវ៉ាក់អើ និងរថយន្តតាក់ស៊ី មួយគ្រឿង បណ្តាលឲ្យដួល ចូលក្រោមកង់ រថយន្តលុច្ស ស៊ីសពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-6002 កំពុងធ្វើដំណើរបញ្ច្រាសទិសផ្លូវ កិនស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកចេញទៅបាត់ រីឯម៉ូតូ និងរថយន្តត្រូវ បានសមត្ថកិច្ច យកទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយបន្តទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល