ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះហាង Domino’s Pizza នៅទល់មុខផ្សារ TK ទួលគោក ហើយរាលដាលទៅដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងហើយ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបង្កការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៥១៦ កែងផ្លូវ៣១៥ ទល់មុខផ្សារ TK ទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ភ្នាក់ងារ Fresh News ដែលចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានការឆ្លងចរន្តអគ្គីភ័យឆេះចេញពីក្រោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី ហើយក៏បានរាលដាលទៅហាង Domino’s Pizza បង្កជាអគ្គិភ័យឆាបឆេះឡើង សន្ធោរសន្ធៅតែម្តង។ ភ្លាមៗនោះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ យកមកបាញ់អន្តរាគមន៍ និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះអន្តរាគមន៍។
ក្រោយពីទទួលព័ត៌មានពី ប្រជាពលរដ្ឋរួចមក កម្លាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ផ្នែកពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចេញជួយអន្តរាគមន៍បាញ់ពន្លត់។
ក្នុងកិច្ចអន្ដរាគមន៍នេះ គេឃើញមានវត្តមានលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងអាជ្ញាធរចម្រុះ ចុះអន្តរាគមន៍បាញ់ទឹកទប់ស្កាត់នៅ អណ្តាតភ្លើង មិនឲ្យរាលដាលបន្តទៅផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ក្រោយពីមានការអន្តរាគមន៍ យ៉ាងយកចិត្តទុកដាក់រួចមក អគ្គិភ័យដែលឆាបឆេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី និងរាលដាលទៅហាង Domino’s Pizza បានរលត់ទៅវិញ ១០០ភាគរយ នៅវេលាម៉ោង០៣៖២០នាទីរសៀល ថ្ងៃដដែល។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ១២គ្រឿង ក្នុងនោះប្រើប្រាស់ទឹកអស់ចំនួន ៨គ្រឿង, ក្រុមហ៊ុន OCIC ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥គ្រឿង, ស្រាបៀលកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿង និងរថយន្តកោះពេជ្រ ចំនួន២គ្រឿង អត់បានប្រើប្រាស់។
យ៉ាងណាក៏ដោយ ក្នុងគ្រោះថ្នាក់សង្គមមួយនេះ បានបណ្តាលឲ្យមនុស្សចំនួន ២នាក់ រងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ចំពោះអត្តសញ្ញារបស់ជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់នូវឡើយ។ ដោយឡែក សម្រាប់មូលហេតុ និងទំហំនៃការខូចខាតសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ ព្រោះកំពុងស្រាវជ្រាវបន្ដ៕
ហ្រ្វេសញ៉ូវអាសុី