បន្ទាប់ពីផ្លូវដែកត្រូវបានតភ្ជាប់គ្នាកាលពីខែមេសា ប្រទេសកម្ពុជា និងថៃថ្មីៗនេះ បានចាប់ផ្តើមការចរចា ស្តីពីការដឹកជញ្ជូន អ្នកដំណើរនិងទំនិញឆ្លងកាត់ព្រំដែន។
ភ្នាក់ងារសារព័ត៌មានកម្ពុជា បានដកស្រង់សម្តីរបស់លោក ឃុន ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងពាណិជ្ជកម្ម ដែលបាននិយាយនៅក្នុងអត្ថបទមួយ ចេញផ្សាយកាលពីថ្ងៃចន្ទថា ”ភាគីទាំងពីរ បានព្រមព្រៀងគ្នាចាប់ផ្តើមធ្វើការចរចា ស្តីពីនីតិវិធីសម្រាប់ធ្វើការត្រួតពិនិត្យលើទំនិញ និងអ្នកដំណើរនៅតាមរថភ្លើង និងតាមព្រំដែន”។លោក ឃុន ញឹម បាននិយាយថា ”ច្រកចេញចូលតែមួយ” នឹងត្រូវបានអនុវត្តនៅច្រកព្រំដែន ក៏ដូចជានៅស្ពានមិត្តភាពស្ទឹងបត់-Ban Nong Ing ដែលតភ្ជាប់ប្រទេសទាំងពីរ។
រដ្ឋាភិបាលកម្ពុជា និងថៃកាលពីខែមេសា បានភ្ជាប់ផ្លូវដែកឡើងវិញ បន្ទាប់ពីត្រូវបានកាត់ផ្ដាច់ អស់រយៈពេលបួនទសវត្សរ៍មកហើយ។ កិច្ចព្រមព្រៀងស្តីពីចរាចរណ៍ផ្លូវដែករួមគ្នា ត្រូវបានចុះហត្ថលេខា ដោយក្រសួងសាធារណការនិងដឹកជញ្ជូន នៃប្រទេសទាំងពីរ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់កាសែតខ្មែរថាមន៍ថា ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញឆ្លងកាត់តាមខ្សែរថភ្លើង នៅតែមិនទាន់ត្រូវបានអនុញ្ញាតទេ បើទោះបីជាមានពិធីតភ្ជាប់កាលពីខែមេសាក៏ដោយ ព្រោះប្រទេសទាំងពីរ នៅតែត្រូវការចរចារអំពីនីតិវិធី សម្រាប់ការត្រួតពិនិត្យពន្ឋគយនៅព្រំដែននៅឡើយ។«នៅខែមេសាយើងគ្រាន់តែភ្ជាប់ផ្លូវដែក និងធ្វើការសាកល្បង ប៉ុន្តែប្រជាពលរដ្ឋ នៅមិនទាន់អាចឆ្លងព្រំដែនតាមរថភ្លើងបានទេ។
”យើងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីចរាចរផ្លូវដែករួមគ្នា សម្រាប់ទំនិញ និងអ្នកដំណើររួចហើយ។ ឥឡូវនេះភាគីនីមួយៗកំពុងពិភាក្សាពីនិតិវិធី”។
គម្រោងផ្លូវដែកភាគខាងជើងរបស់ប្រទេសកម្ពុជា ត្រូវបានបញ្ចប់រួចរាល់ហើយ កាលពីខែសីហា ដែលមានប្រវែងជាង ៣៨៦ គីឡូម៉ែត្រ ពីភ្នំពេញទៅប៉ោយប៉ែត នៅព្រំដែនជាមួយប្រទេសថៃ។លោក សូរិយា បាននិយាយថា ការដឹកជញ្ជូនទំនិញនៅតែមិនត្រូវបានអនុញ្ញាតតាមផ្លូវដែកទេ។ ”ទំនិញមិនទាន់ត្រូវបានអនុញ្ញាតនៅឡើយទេ។ មុនពេលទំនិញអាចដឹកជញ្ជូន រដ្ឋាភិបាលត្រូវពិភាក្សាអំពីលក្ខខណ្ឌ ជាមួយក្រុមហ៊ុនដែលគ្រប់គ្រងផ្លូវដែកជាមុនសិន” ៕
ប្រភព ៖ khmertimes