(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីការិនី ដ៏ស្រស់សោភា កញ្ញា ថន លក្ខិណា ត្រូវបានគេដឹងថា នាងបានចាកចេញពីប្រទេសកម្ពុជា ទៅកាន់សឹង្ហបូរី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ជាមួយនឹងតម្លៃខ្លួនរាប់ពាន់ដុល្លារ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះដំណើរចាកចេញរបស់នាង នៅពេលនេះ។
ការចេញដំណើរទៅកាន់ប្រទេស មានសេដ្ឋកិច្ចជឿនលឿន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពីសំណាក់តារាសម្ដែង ថន លក្ខិណា នៅពេលនេះ ត្រូវបានគេដឹងថា នាងទៅជាមួយក្រុមការងារ ថតស្ពតពាណិជ្ជកម្ម របស់ក្រុមហ៊ុនប្រេងម៉ាស៊ីនមួយដ៏ល្បីមួយ មានឈ្មោះថា «ភីធីធី» ដើម្បីថតស្ពតពាណិជ្ជកម្ម ឲ្យក្រុមហ៊ុននេះ ហើយតម្លៃវិញក៏ខ្ទង់រាប់ពាន់ដុល្លារដែរ។
ស្រីស្រស់ ថន លក្ខិណា បានក្លាយជាអ្នកបង្ហាញផលិតផល ប្រេងម៉ាស៊ីន (Presenter) ដែលត្រូវបានប្រភពមួយបាននិយាយថា នាងទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក ក្នុងការងារថតផ្សព្វផ្សាយ ឲ្យផលិតផលមួយនេះ ព្រោះនាងជាតារាល្បីមានប្រជាប្រិយភាព មានអ្នកគាំទ្រច្រើន ពិសេសរូបភាពនាងក្នុងបណ្ដាញសង្គម ពេលបង្ហោះម្ដងៗ រូបខ្លះមានអ្នកចុច Like ដល់ទៅ ជិត១ម៉ឺននាក់ក៏មានដែរ ទើបនាងក្លាយជាតារាស្រីទាក់ទាញខ្លាំងជាងគេ។
តារាសម្ដែង ថន លក្ខិណា តែងត្រូវបានគេមើលឃើញថា មិនមែនទៅណាមកណា តែម្នាក់ឯងនោះទេ នាងក៏បាននាំអ្នកម្ដាយសំណប់ចិត្ត ទៅជាមួយផងដែរ ព្រោះនាងហាក់មិនមានទំនុកចិត្ត ពេលធ្វើដំណើរផ្លូវឆ្ងាយដោយគ្មានអ្នកម្ដាយទៅជាមួយ ហើយម្ដាយនាង ក៏តែងតែតាមគ្រប់ពេល ផងដែរ។
កញ្ញា ថន លក្ខិណា ទើបតែត្រឡប់ពីប្រទេសថៃ ជាមួយម្ដាយ កាលពីពេលថ្មីៗដើម្បីធ្វើខួបកំណើតឲ្យបងស្រី គឺអ្នកនាង ថន តារា លើទឹកដីថៃ ដែលមានអ្នកចូលរួមជាច្រើននាក់ ពិសេសមន្ត្រីៗ ក្នុងរដ្ឋាភិបាលថៃ មួយចំនួនក៏បានចូលរួមដែរ។ ថន លក្ខិណា ជាតារាចម្រៀងស្រីម្នាក់ ដែលមានសមត្ថភាព និងប្រជាប្រិយភាពខ្លាំង ក្នុងចំណោមតារាសម្ដែងស្រីល្បីៗ ហើយក៏ជាពិធីការិនីល្បី ខាងផ្នែកភាសាថៃ និង ជាពីធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ ស៊ីធីអីន កម្មវិធី «ផ្ទះលោកតា» និង ស្ថានីយទូរទស្សន៍ហង្សមាស ក្នុងកម្មវិធី «តន្ត្រីលើទឹក» ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង