CamNews

ព័ត៌មានជាតិ 

រថយន្តដឹក ប្រេងសាំង សង្ស័យដាច់ហ្រ្វាំង ពេលបើកចុះពី លើស្ពាន គីហ្សូណា បុករះ រថយន្ត ម៉ូតូ កន្លែងលក់ដូរ

កំពង់ចាម ៖ រថយន្តដឹកស៊ីទែនសាំង មួយគ្រឿង ដែលមានស្លាក យីហោ Thary បានបង្កគ្រោះថ្នាក់ ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ ដោយបានបើករះ រថយន្ត និងម៉ូតូជាច្រើនគ្រឿង ព្រមទាំងកន្លែង លក់ដូរ នៅពេលធ្វើដំណើរ ចុះពីស្ពានគីហ្សូណា បណ្តាលឲ្យក្មេងស្រីអាយុ២ឆ្នាំម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់ កាលពីវេលាម៉ោង ប្រមាណ ១២៖១០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ស្ថិតនៅ គល់ស្ពាន គីហ្សូណាម្តុំរង្វង់មូល ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្ក ពាក់ស្លាកលេខ កំពង់ចាម 3A-2896 បានធ្វើដំណើរ ពីត្រើយទន្លេបិទ ដោយឆ្លងកាត់ស្ពាន គីហ្សូណា ស្រាប់តែធ្វើដំណើរ ដល់កន្លែងចុះ មករង្វង់មូល សង្ស័យរថយន្តដាច់ ហ្រ្វាំង រថយន្តបានរអិល បុកអ្នកជិះម៉ូតូ មានម្តាយ ឪពុក និងកូនស្រី អាយុ២ឆ្នាំ បណ្តាលឲ្យកិន ក្មេងស្រីរងគ្រោះបែកក្បាល ខ្ទេចស្លាប់ភ្លាមៗតែម្តង។

ក្រោយបុក រថយន្តទួរីស ហើយស្រាប់តែរថយន្តបង្ក បានបន្តទៅបុក ម៉ូតូ និងរថយន្ត ជាច្រើនគ្រឿងទៀត រួចរថយន្ត ក៏បន្តទៅបុក កន្លែងលក់ដូរ និងលក់សាំង តាមដងផ្លូវ បង្កឲ្យមានភ្លើងឆេះ ម៉ូតូអស់មួយ ចំនួនផងដែរ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បណ្តាលឲ្យមានអ្នករងរបួស ជាច្រើន និងរថយន្ត ម៉ូតូជាច្រើនគ្រឿង រងនូវការខូចខាត ។ ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បញ្ជាក់អំពីអត្តសញ្ញាណ ជនរងគ្រោះនៅឡើយទេ ហើយកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បាននិងកំពុងចុះជួយអន្តរាគមន៍៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ