CamNews

ព័ត៌មានជាតិ 

ស្ដាប់ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ក្នុងពិធីភ្ជាប់បេតុងស្ពាន អ្នកលឿង

កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លោក Kazuyki Nakane អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥នេះ បានអញ្ជើញជាអធិបតីតភ្ជាប់បេតុងស្ពានអ្នកលឿង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន៖

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ពានអ្នកលឿង ដែលសាងសង់ឡើងយោងដោយខ្សែកាបលើកសងខាង ប្រៀបដូចជាបក្សីពណ៌លឿងពីរក្បាលកាន់ដៃគ្នាហោះ ដែលជាការតំណាងឲ្យកម្ពុជា-ជប៉ុន កាន់ដៃគ្នាហោះឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏រុងរឿងនាពេលអនាគត។ សម្តេចប្រសិទ្ធនាមស្ពានអ្នកលឿងថា ស្ពានស៊ូបាសា។

- នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃនេះកម្ពុជា ដាក់ចេញឲ្យប្រើប្រាស់ក្រដាស់ប្រាក់ ៥០០រៀល ដែលមួយខាងមានព្រះឆាយលក្ខណ៍ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងម្ខាងទៀត រូបស្ពានគីហ្សូណា និងស្ពានអ្នកលឿង។ សម្តេចបានបញ្ជាក់ថា ពិធីភ្ជាប់បេតុងស្ពានអ្នកលឿង ធ្វើឡើងដើម្បីអបអរសាទរ ដល់ខួបលើកទី៦០ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន។

- នាយករដ្ឋមន្រ្តីកម្ពុជា បានលើកជាសំណូមពរ៣យ៉ាងដល់ប្រជាពលរដ្ឋ នៅពេលស្ពានអ្នកលឿងត្រូវបានដាក់ឲ្យដំណើរការ។ សំណូមពរទី១. កុំឲ្យយកស្ពានអ្នកលឿងជាកន្លែងធ្វើអត្តឃាត បញ្ចប់វិបត្តិ, ទី២. សុំកុំដឹកលើសទម្ងន់នាំខូចស្ពាន និងសំណូមពរទី៣. សុំកុំឲ្យបើកលឿន នាំឲ្យមានគ្រោះថ្នាក់ចរាចរ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចខិតខំចរចាជាច្រើនជាមួយភាគីជាប៉ុន ដើម្បីជម្នះសាងសង់ស្ពានអ្នកលឿងនេះ ឲ្យបានព្រោះវាមានសារៈសំខាន់ ដោយមិនត្រឹមតែភ្ជាប់ត្រើយខាងលិច និងខាងកើត របស់កម្ពុជា តែជាវាជាការភ្ជាប់អាស៊ានហាយវេផងដែរ។ សម្តេចបានបញ្ជាក់ថា សម្តេចបានដាក់សំណើចំនួន ៤ទៅកាន់ភាគីជប៉ុន។ សំណើរទី១. ជំនួយឥតសំណងទាំងអស់រាជរដ្ឋាភិបាលជប៉ុន, ទី២. ជំនួយខ្លះ កម្ចីខ្លះ, ទី៣. ខ្ចីទាំងស្រុង និងទី៤. ជំនួយខ្លះ និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាខ្លះ។ សម្តេច បានបង្ហាញមហិច្ឆតាថា ប្រសិនបើជប៉ុន មិនជួយទេ សម្តេចនឹងជម្នះសាងសង់ស្ពាន ដោយប្រើថវិកាជាតិផ្ទាល់តែម្តង ដើម្បីសាងសង់ ព្រោះស្ពាននេះ បម្រើការងារពហុវិស័យ និងរាប់ឆ្នាំទៅមុខទៀត។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានបាតដៃរបស់សម្តេចទេ ក៏គ្មានកិច្ចចរចាព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១នោះឡើយ។ សម្តេចបានបន្តថា សម្តេចបានឡើងធ្វើនាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៨៥ ដែលក្នុងប្រទេសមានសង្រ្គាមហែកហួរគ្នានៅឡើយ ដូច្នេះបើគ្មានបាត់ដៃរបស់សម្តេច គឺគ្មានសង្ឃឹមកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសឡើយ។ សម្តេចបានបន្តថា សម្តេចបានចូលរូងខ្លា ដើម្បីចរចាជាមួយខ្មែរក្រហម ទើបអាចបញ្ចប់សង្រ្គាម ខណៈដែលអ៊ុនតាក់ ប្រើ ២ពាន់លានដុល្លារ តែមិនអាចចូលប៉ៃលិននោះទេ តែសម្តេចអាចចូលទៅប៉ៃលិនបាន។ សម្តេច ក៏បានឲ្យដឹងផងដែរ ក្រោយសម្តេចឡើងធ្វើជានាយករដ្ឋមន្រ្តី នៅឆ្នាំ១៩៨៥ គឺសម្តេចជាអ្នកដឹកនាំធ្វើកំណែទម្រង់ដីធ្លី និងប្រគល់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «គុណសម្បត្តិ និងគុណវិបត្តិតែងកើតមាន តែសូមក្រឡេកមើលថយក្រោយបន្តិច។ នៅពេល ហ៊ុន សែន ចាប់ផ្តើមធ្វើនាយករដ្ឋមន្រ្តី សង្រ្គាមនៅហែកហួរប្រទេសនៅឡើយសូមកុំភ័ន្តច្រឡំ បើគ្មានបាតដៃ ហ៊ុន សែន ទេ! គ៏គ្មានអាកិច្ចព្រមព្រៀងប៉ារីសចេញមកដែរ និយាយឲ្យច្បាស់អាកន្លែងហ្នឹង អាហ្នឹងនិយាយពីសមិទ្ធផលសន្តិភាព នយោបាយឈ្នះ ឈ្នះ បញ្ចប់សង្រ្គាម។ [...] បើ ហ៊ុន សែន មិនចូលរូងខ្លា តើចាប់ខ្លាបានអត់។ ម្តាយធំខ្ញុំនិយាយថា ហ្អែងចូលទៅតំបន់ខ្មែរក្រហមមិនខ្លាចខ្មែរសម្លាប់ទេអី។ ខ្ញុំឆ្លើយប្រាប់ម្តាយធំខ្ញុំថា ម៉ែធំ បើខ្ញុំមិនទៅ តើនរណាសុខចិត្ត បើខ្ញុំទៅខ្ញុំស្លាប់ ស្លាប់តែខ្ញុំ និងរួមដំណើរតែប៉ុន្មាននាក់ប៉ុណ្ណោះ តែបើបានមកវិញ បានផ្ទៃដីទាំងមូលតែម្តង»។

- សម្តេចនាយករដ្ឋមន្រ្តីឆ្លើយតបទៅនិង សំណួរ របស់លោក ពុយ គា អ្នកកាសែតក្យូដូជប៉ុននោះ បានបញ្ជាក់ថា ការភ្ជាប់បេតុងស្ពាននាព្រឹកនេះ មិនមែនជាការអរសាទរខួប ៣០ឆ្នាំ នៃការដឹកនាំរបស់សម្តេចនោះទេ តែធ្វើឡើងតាមក្បួនខ្មែរ ថ្ងៃពុធគឺជាថ្ងៃដែលល្អ។ សម្តេចបានលើកក្បួនតម្រាខ្មែរមកបញ្ជាក់ផងដែរថា អាទិត្យ ចុះរណ្តៅ ចន្ទ ចុះផ្លូវ អង្គារ ចុះភ្លើង ពុធ ចូលភូមិ ព្រហស្បតិ៍ ចូលព្រៃភ្នំ សុក្រ ចូលដំណេក សៅរ៍ ចុះទឹក។

សម្តេចបញ្ចប់សុន្ទរកថា នៅវេលាម៉ោង ៩ និង ១៧នាទី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kandal Hun Sen