CamNews

ព័ត៌មានជាតិ 

ឆក់ទូរស័ព្ទ បានសម្រេច ជនរងគ្រោះ សុំណាត់ជួប ដោះដូរថ្នូរ ដោយលុយ ត្រូវចាប់ខ្លួន

ភ្នំពេញ: ចោរឆក់ទូរស័ព្ទស្ទើរភ្លើងម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ទលួងលោមណាត់ជួប ដើម្បីដោះដូរជាថ្នូរ នឹងលុយ រួចហើយត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ច ចាប់ខ្លួនតែម្តង កាលពីវេលាម៉ោង ៦៖៣០នាទី ព្រលប់ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៤ ។

មន្រ្តីនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន បាននិយាយថា ដំណើររឿងកើតឡើង តាំងពីវេលា ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ដែលនៅពេលនោះជនសង្ស័យខាងលើ បាន ធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីជនរងគ្រោះម៉ាក iPhone5 ស្ថិតនៅតាមផ្លូវលេខ៦៣ ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ពោលស្ថិតនៅក្រោយវិមានព្រឹទ្ឋសភា ។ ក្រោយពីឆក់បានសម្រេច ជន រងគ្រោះ មានឈ្មោះ ឃុន វឌ្ឍនី បានតាមដាន ដោយទូរស័ព្ទរបស់ខ្លួន ដោយបានភ្ជាប់បច្ចេកទេស ដែលអាចដឹងពីទីតាំងទូរស័ព្ទស្ថិតនៅទីណា ។

សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះ និងក្រុមគ្រួសារ បានព្យាយាមលួងលោមជនសង្ស័យ និងឈាន ដល់ការណាត់ជួបគ្នា ដើម្បីធ្វើការដោះដូរ យកទូរស័ព្ទត្រឡប់មកវិញ ជាថ្នូរអោយលុយ ។ ពេលនោះ ជនសង្ស័យឈ្មោះ ជួប វាសនា អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវ៤៨ ក្នុងភូមិក្បាលទំនប់ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ បានយល់ព្រមតាមជនរងគ្រោះ ព្រមមកជួបដើម្បីយកលុយ តាមការសន្យា របស់ជនរងគ្រោះ ។ នៅពេលដែលជនសង្ស័យរូបនេះ បានធ្វើដំណើរមកដល់កន្លែងណាត់ជួប សមត្ថកិច្ច ដែលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះនោះ ស្ទាក់ចាប់តែម្តងទៅ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បី កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ