CamNews

ព័ត៌មានជាតិ 

ចូលប្លន់ផ្ទះ ដូរលុយ និងលក់គ្រឿង សំណង់ នៅជិតផ្សារ បន្ទាយខ្មែរ យកអស់ទ្រព្យ សម្បត្តិជាច្រើន

កំពង់ស្ពឺ៖ ជនសង្ស័យ៤នាក់ ជាក្រុមចោរប្លន់ ក្នុងនោះ មានស្រ្តីម្នាក់ ប្រដាប់ដោយកាំភ្លើងអាកា
ចំនួន១ដើម បាន ចូលប្លន់នៅផ្ទះដូរលុយ និងលក់គ្រឿងសំណង់ ស្ថិតនៅជិតផ្សារបន្ទាយខ្មែរ
ក្នុងឃុំជើងរាស់ ស្រុកឧត្តុង្គ កាលពី វេលាម៉ោង ប្រហែល៦៖៣០នាទីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ
២០១៣ ដោយប្លន់យកអស់ទ្រព្យ សម្បតិ្តជាច្រើន រួម មានគ្រឿងអលង្ការ និងលុយកាស។

ស្នងការរងនគរបាល ខេត្តកំពង់ស្ពឺ លោក សោម ដារ៉ា បានថ្លែងឲ្យដឹងថា ពិតជាមានករណីប្លន់
ប្រដាប់អាវុធនេះ កើតឡើងមែន នៅជិតផ្សារបន្ទាយខ្មែរ ហើយកម្លាំងសមត្ថកិច្ច ខេត្តកំពង់ស្ពឺ
បាននិងកំពុងតាមដាន និងធ្វើការ ស្រាវ ជ្រាវលើករណីនេះ។

យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ត
កំពង់ស្ពឺ បានឲ្យ ដឹងថា ជនសង្ស័យ មានចំនួន ៤នាក់ ក្នុងនោះស្រ្តីម្នាក់ បានធ្វើសកម្មភាពចូលប្លន់
ផ្ទះដូរលុយ និងលក់គ្រឿង សំណង់ ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឆេង ចាវ៉េង អាយុ៤១ឆ្នាំ និងប្រពន្ធ
ឈ្មោះ ហ្គិចហង អាយុ៣៨ឆ្នាំ ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យ ទាំងនោះ បានចូលប្លន់ វាយម្ចាស់ផ្ទះជាប្តី បណ្តាលឲ្យរងរបួស
ត្រូវក្បាល មុន ពេលដែលពួកវា ប្រមូលយកលុយ និងគ្រឿងអលង្ការ អស់់មួយចំនួន។ បើតាម
សមត្ថកិច្ច ក្រុមចោរ បានប្លន់យក លុយអស់ចំនួន២ពាន់ដុល្លារ កាតទូរស័ព្ទ ដែលមានទឹកប្រាក់
ចំនួន ១.៥០០ដុល្លារ និង ចិញ្ចៀនជាង៥តម្លឹង។

សមត្ថកិច្ចបានបន្តថា នៅពេលដែលពួកវា ធ្វើសកម្មភាពប្លន់នោះ នាយនគរបាលប៉ុស្តិ៍ជើងរាស់ បាន
មកទាន់ ហើយបានយកកាំភ្លើង អាកាភ្ជង់ទៅលើក្រុមចោរ ស្រាប់តែក្រុមចោរ បានភ្ជង់មកលើសមត្ថ
កិច្ចវិញ។ ភ្លាមៗនោះ ក្រុមចោរ បាននាំគ្នាជិះម៉ូតូមួយគ្រឿង ហើយបានរត់គេចតែម្តងទៅ ប៉ុន្តែបាន
បន្សល់ទុកម៉ូតូមួយគ្រឿង ស្មាសរើវ៉ូ នៅកន្លែងកើតហតុ។ បច្ចប្បន្នកម្លាំងសមត្ថកិច្ចរបស់ខេត្តកំពង់ស្ពឺ បាននិងកំពុងធ្វើការស្រាវជ្រាវលើករណីនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ