ភ្នំពេញ ៖ ស្ដ្រីវ័យក្មេង អតីតជាអ្នកបម្រើ នៅភោជនីយដ្ឋាន កាដូ នៅព្រែកលៀប បានសម្រេច
ដាក់ពាក្យបណ្ដឹង ទៅ កាន់សមត្ថកិច្ច ដើម្បីឱ្យជួយរកយុត្ដិធម៌ ខណៈ ដែលបុរសជាព្រាននារីម្នាក់
ក្រោយពីលួងលោមបានខ្លួនបានប្រាណ រូបនាង រហូតដល់មានផ្ទៃពោះ ដល់ទៅ ២ដងហើយ បែរ
ជាបោះបង់នាងចោល ដើម្បីទៅស្រវា ស្រីថ្មី រៀបការជា ភរិយា ផ្គាប់ចិត្ដឪពុកម្ដាយបងប្អូន ដែល
គ្រួសារខាងប្រុសខាងលើនេះ គឺជាអ្នកមានជីវភាពថ្កុំថ្កើង ហើយមិនចង់ ឱ្យយកស្ដ្រីក្រីក្រ ជាអ្នក
បម្រើនៅ តាមភោជនីយដ្ឋាន មកធ្វើជាភរិយា រស់នៅលើទ្រនំខ្ពស់នោះឡើយ។
ស្ដ្រីដែលអះអាងថា ខ្លួនជាជនរងគ្រោះ ចាញ់បោកប្រុសព្រាន ហើយទូរស័ព្ទមកប្ដឹងដើមអម្ពិល
ដើម្បីសុំឱ្យជួយ ចុះផ្សាយរកយុត្ដិធម៌ និងរកការអន្ដរាគមន៍ ពីអាជ្ញាធរ សមត្ថកិច្ច និងអង្គការជួយ
ស្ដ្រីមានវិបត្ដិនោះ បានអះអាងថា ខ្លួនឈ្មោះ ធារី អាយុ ២៣ឆ្នាំ មានស្រុកកំណើត នៅស្រុកកោះ
ធំ ខេត្ដកណ្ដាល បច្ចុប្បន្នស្នាក់នៅ ជាមួយ បង មានទីលំនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សី
កែវ។
ដោយឡែកបុរសដែលនាងចាត់ទុកថា គឺជាព្រាន នារី ធ្វើការឆបោក លួងលោមស្ដ្រីទន់ខ្សោយ
ដូចជារូបនាង យកទៅបម្រើកាមគុណ រួចហើយបោះបង់ចោល ដោយមិនទទួលខុសត្រូវខាងលើ
នេះ ត្រូវបាននាងអះអាងថា មានឈ្មោះ រិទ្ធ មានមុខរបរជាអគ្គនាយក ក្រុមហ៊ុន មួយ ដែលរកស៊ី
ខាងផ្នែកនាំពលករ ចេញទៅធ្វើការនៅប្រទេសថៃ មានអាយុប្រមាណ ជិត ៤០ឆ្នាំ មានទីលំនៅ
តាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ដូចគ្នា ។
ពាក់ព័ន្ធដល់រឿងរ៉ាវ ដែលនាំឱ្យរូបនាងលង់ខ្លួន បង់ប្រាណ ដោយសារប្រុសព្រាន ប្រើសម្ដីផ្អែម
និងសម្ភារនិយម រួមទាំងទឹកលុយ មកអូសទាញរូបនាង ថាយកទៅធ្វើ ជាគូអនាគតខាងលើនេះ
ត្រូវបានរូបនាងរៀបរាប់ឱ្យដឹងថា ដើមឡើយ ដោយសារតែជីវភាពក្រខ្សត់ នៅស្រុកកំណើតគ្មាន
ការងារធ្វើ រូបនាងក៏សម្រេចធ្វើដំណើរមក កាន់ ទីក្រុងសំបុកភ្លើងពណ៌ ស្វែងរកការងារធ្វើ ក្រែង
លោមានវាសនា មានជីវភាពធូរធារ ជាជាងនៅស្រុកកំណើត ។
ពេលមកដល់ដី ក្រុង ដោយសារគ្មានចំណេះវិជ្ជា និងដើមទុនរកស៊ីនឹងគេ ស្របពេលមានអ្នកស្គាល់
បបួលចូលធ្វើការជាអ្នករត់តុ នាងក៏បានសម្រេចទៅរត់តុ នៅភោជនីយដ្ឋានកាដូ ដែលមានទីតាំង
នៅតាម បណ្ដោយផ្លូវជាតិលេខ៦អា ។
ជាស្ដ្រីជនបទ ដែលធ្លាប់តែមុជទឹកទន្លេ ទឹកអណ្ដូង លុះបានទឹកម៉ាស៊ីន រស់នៅទីក្រុង ដែលពោរ
ពេញទៅដោយការ ប្រកួតប្រជែង ខាងសម្រស់ បានធ្វើឱ្យរូបនាង ដែលធ្លាប់តែគេហៅជាក្ដាមស្រែ
បានប្រែពណ៌ទៅជាសេកសោមមួយ ដួង មានរូបឆោម សាច់ឈាមភ្លឺថ្លា មិនចាញ់ក្រមុំទីក្រុងប៉ុន្មាន
នោះឡើយទោះបីនាង មានវាសនាត្រឹមតែជានារីរត់តុ នៅតាមភោជនីយដ្ឋានក៏ដោយ។ ការឡើង
សាច់ឡើងឈាម បានធ្វើឱ្យកន្លង់ជាច្រើនដែលមើលឃើញ ចោមរោម ចង់គួចប្រតិព័ទ្ធ ក្រេបលម្អង
ផ្កា ដែលទើបតែមករីកនៅទីក្រុង។
ក្រោមភ្នែកកន្លង់ជាច្រើន ដែលតែងតែចូលចិត្ដ ចូលទៅក្រឡឹងហ្វូងបុបា្ផ នៅតាម ភោជនីយដ្ឋាន
នានានោះ ចៃដន្យមាន កន្លង់ក្បាលខ្មៅមួយ ដែលឧស្សាហ៍មកហូបចុក នៅក្នុងភោជនីយដ្ឋានកាដូ
ជាញឹកញាប់នោះ បានប្រើប្រាស់វោហា រួមទាំងសម្ភារ និងលុយកាក់អូសទាញរូបនាង រហូត ដល់
លង់ខ្លួនលង់ប្រាណ ក្រោមពាក្យលួងលោម បើអូនស្រឡាញ់បង បងនឹង យកអូនធ្វើជាគូអនាគត
មិនបោះបង់អូនចោល ឬក៏ទុកអូនឱ្យវេទនានោះឡើយ។
ក្រោមពាក្យលួងលោមផ្អែមល្ហែម និងប្រើសម្ដីមាសពេជ្រ របស់កំលោះទីក្រុង បានធ្វើឱ្យក្រមុំជន
បទរូបនេះទន់ចិត្ដ ទន់កាយ ព្រោះសង្ឃឹមថា វាសនារបស់ខ្លួនអាចនឹង មានភាពថ្កុំថ្កើង ។ បន្ទាប់ពី
លាឈប់ពីការងារ ហើយទៅរស់នៅលើផ្ទះបុរស ដែលសង្ឃឹម ថា អនាគតគឺជាប្ដីរៀបការពេញ
ច្បាប់នោះមិនបានប៉ុន្មានខែផង នាងក៏ចាប់ ផ្ដើមមានផ្ទៃពោះ តែក្រោយពីគូ កំណាន់របស់ខ្លួនដឹង
ក៏បានលួងលោមផង បង្ខំផង ដើម្បីឱ្យនាងយកកូនចេញ ព្រោះមិនចង់ឱ្យនាងទុកកូន នៅពេលមិន
ទាន់រៀបការ ពេញច្បាប់ ។
ដោយសារល្បិចលួងលោម ដ៏ប៉ិនប្រសប់ នាងក៏ជឿនិងធ្វើតាម លុះប៉ុន្មាន ខែក្រោយមក នាងក៏
ចាប់ផ្ដើមមានផ្ទៃពោះជាលើកទី២ ដោយលើកនេះក៏បានដឹងដល់ឪពុកម្ដាយ និងបងប្អូនរបស់បុរស
ខាងលើស្រាប់តែពួកគេចាប់ផ្ដើមធ្វើទុក្ខបុកម្នេញ ដោយបង្ខំឱ្យយកកូនចេញជាលើកទី២ទៀត រួម
ទាំងបងប្អូនឪពុកម្ដាយចាប់ផ្ដើមរករឿង ភាគីខាងប្រុសមិនឱ្យយករូបនាង ធ្វើជាគូអនាគត ដោយ
សំអាងថា ជាស្ដ្រីក្រីក្រ គ្មានឈ្មោះបោះសំឡេង មិនសមមកយកកូនប្រុសរបស់គេ ដែលជាអគ្គ
នាយកក្រុមហ៊ុនមួយរូប មានមុខមាត់នៅ ក្នុងសង្គមនោះឡើយ។
មិនតែប៉ុណ្ណោះ ឪពុកម្ដាយខាងប្រុស ក៏បានណែនាំ និងដណ្ដឹងស្ដ្រីម្នាក់ ដែលជាអ្នកមានមុខ មាន
មាត់ មានទីលំនៅម្ដុំវិមានឯករាជ្យ សម្រាប់ធ្វើជាគូអនាគត ឱ្យកូនប្រុសរបស់ខ្លួនផងដែរ ។ តាំងពី
បុរសដែលខ្លួនស្រឡាញ់ ត្រូវបានឪពុកម្ដាយផ្ចុងផ្ដើម ឱ្យមានគូដណ្ដឹង និងត្រៀមចូលរោងការនៅ
ពេលខាងមុខកាលណាមក ក្រុមគ្រួសារខាងប្រុស ចាប់ផ្ដើមរករឿងមកលើរូបនាងយ៉ាងខ្លាំងហើយ
ចុងក្រោយក៏បណ្ដេញនាងចេញពីផ្ទះ ហើយបុរសដែលជាគូកំណាន់ ក៏មិនបានអាណិតអាសូរ មក
លើរូបនាងដែលធ្លាប់ស្រឡាញ់ឱបនឹងដើមទ្រូងនោះ ដែរ ដោយសារតែគេជឿ តាមឪពុកម្ដាយ និង
បងប្អូនរបស់គេ។
រឿងដែលគួរឱ្យឈឺចុកចាប់ និងមិនអាចទ្រាំបាន បើទោះបីជានាងបានចាកចេញពីផ្ទះ មករស់នៅ
ជាមួយបងស្រី ជាបន្ដបណ្ដោះអាសន្នហើយក៏ដោយ តែបន្ទាប់ពីខាង ប្រុសដឹងថា នាងចុះចេញពី
ផ្ទះរបស់គេ ដោយស្ពាយទាំងកូនក្នុងផ្ទៃ ៥ខែ ទៅជាមួយផងដែរនោះ បានធ្វើឱ្យក្រុមគ្រួសារខាង
ប្រុស រស់មិនស្រួល នៅមិនសុខ ដោយ សារតែគេ យល់ថា មិនចង់ឱ្យឈាមមួយតក់ស្រក់អនាថា
និងនាំជាប់ជំពាក់វាក់វិនវែងឆ្ងាយនោះ គឺក្រុមគ្រួសារខាងប្រុស តែងតែទូរស័ព្ទមកគំរាមកំហែង ឱ្យ
រូប នាងយកកូនចេញជាញឹកញាប់ រហូតដល់យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ ក្រុមគ្រួ
សារខាងប្រុស ដែលមានគ្នាសរុបចំនួន ៥នាក់ បានជិះរថយន្ដមក កាន់ផ្ទះបងស្រី ដែលខ្លួន កំពុង
ស្នាក់នៅ រួចហើយធ្វើការជេរបញ្ចោគំរាមកំហែង មិនឱ្យទាក់ទងជាមួយកូនប្រុសរបស់គេតទៅទៀត
រួមទាំងគំរាមឱ្យនាងយកកូនចេញ រហូតដល់ប្រើអំពើហិង្សា ធាក់មកលើពោះរបស់នាង បង្កការភ្ញាក់
ផ្អើលមនុស្ស ចោមរោមមើលទៀតផង។
មិនអស់ចិត្ដ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ថែមទាំងបានទូរស័ព្ទមកគំរាមរូបនាងបន្ថែមទៀត។
ដោយសារតែមិនអាចទ្រាំទ្រ នូវអំពើគំរាមកំហែងខាងលើនេះបាន ទើបរូបនាង សម្រេចដាក់ ពាក្យ
បណ្ដឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំឱ្យជួយរកយុត្ដិធម៌។ ប៉ុន្ដែខណៈដែលនាងយកពាក្យ
បណ្ដឹងទៅ ដាក់នៅនគរបាលប៉ុស្ដិ៍ព្រែកលៀប នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ ២០១៣ តែមិនត្រូវបាន
នគរបាលនៅទីនោះ ទទួលយកពាក្យបណ្ដឹងរបស់នាងនោះឡើយ ដោយគេអះអាងថា រូបនាងមិន
មានទីលំនៅពិតប្រាកដ នៅក្នុងសង្កាត់ព្រែកលៀបរបស់គេ គឺគ្មានឈ្មោះក្នុងសៀវភៅស្នាក់នៅ។
ពាក់ព័ន្ធទៅនឹងការដាក់ពាក្យបណ្ដឹងខាងលើនេះ នៅល្ងាចថ្ងៃទី២ ខែមករា លោក មៀច សេរី មេ
ប៉ុស្ដិ៍ព្រែកលៀប បានប្រាប់ដើមអម្ពិល តាមទូរស័ព្ទ ឱ្យដឹងថា រូបលោកមិនបានដឹង ពីការដាក់ពាក្យ
បណ្ដឹងរបស់ ស្ដ្រីរងគ្រោះខាងលើនេះនោះឡើយ ព្រោះលោកជាប់រវល់ប្រជុំ ហើយលោកនឹងធ្វើការ
សួរនាំ ទៅកាន់មន្ដ្រីរបស់លោក ពាក់ព័ន្ធទៅនឹងរឿងពាក្យបណ្ដឹងខាងលើនេះ ជាបន្ដទៀត។
ដោយឡែកស្ដ្រីរងគ្រោះ ក្រោយពីនគរបាល មូលដ្ឋាន មិនទទួលយកពាក្យបណ្ដឹង ក៏បានធ្វើការអំ
ពាវនាវ សូមឱ្យសមត្ថកិច្ច និងអង្គការជួយស្ដ្រីមានវិបត្ដិ មេត្ដាជួយអន្ដរាគមន៍ និងរកយុត្ដិធម៌ដល់រូប
នាងផង ។
ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ ដើមអម្ពិល មិនអាចធ្វើការទាក់ទង ដើម្បីសុំការបកស្រាយ ពី
ភាគីខាងប្រុស បានឡើយ ដូចនេះហើយ ទើបដើមអម្ពិល សុំមិន ធ្វើការបញ្ចេញពីអត្ដសញ្ញាណ នៃ
ភាគីខាងប្រុស ហើយដើមអម្ពិល រង់ចាំធ្វើការស្រាយបំភ្លឺជានិច្ច នៅពេលណាដែលភាគីខាងប្រុស
ចង់ធ្វើការបកស្រាយ ពាក់ព័ន្ធ ទៅនឹងរឿងរ៉ាវចោទប្រកាន់ ពីភាគីគូកំណាន់របស់ខ្លួនខាងលើនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល