CamNews

ព័ត៌មានជាតិ 

ជនមិនស្គាល់មុខ បាញ់៣គ្រាប់ នៅមុខហាងបឹងត្របែក ជុំមិត្ត សង្ស័យរឿង ខឹងស្រីស្នេហ៍ មិនទៅដេកជាមួយ

ភ្នំពេញ ៖ ស្នូរផ្ទុះអាវុធ បានបន្លឺឡើងទាំងកណ្តាលរាត្រី នៅមុខភោជនីយដ្ឋាន បឹងត្របែកជុំមិត្ត ស្ថិតនៅ តាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយសារតែជនមិន ស្គាល់មុខម្នាក់សង្ស័យបបួលស្រីស្នេហ៍មិនបានទៅដេក បានដកកាំភ្លើងបាញ់ឡើងលើមេឃចំនួន ៣គ្រាប់ដើម្បីគំរាមស្រីស្នេហ៍របស់ខ្លួន រួចជិះម៉ូតូគេចខ្លួនបាត់ កាលពីវេលាម៉ោង ១២និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ។     

យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍ ខាងលើនេះ បានប្រាប់សមត្ថកិច្ចថា មុនពេលលឺសូរស្នូរផ្ទុះអាវុធខាងលើនេះ មានបុរសម្នាក់បានជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅមិនចាំស្លាកលេខ ឌុបស្រីម្នាក់ មកឈប់មុខភោជនីយដ្ឋានយីហោ បឹងត្របែកជុំមិត្ត ហើយគេលឺសូរបុរសខាងលើនិងស្រីស្នេហ៍របស់គេ ឈ្លោះប្រកែកគ្នាខ្លាំងៗ ដោយមិនដឹងថា មានរឿងអ្វីឲ្យច្បាស់នោះទេ រួចបាន   ប្រហែលជា១០នាទី ស្រាប់តែលឺស្នូរផ្ទុះអាវុធផ្ទួនៗគ្នា ចំនួន៣គ្រាប់ រួចបុរសខាងលើបានជិះម៉ូតូចេញទៅបាត់ ចោលស្រីស្នេហ៍របស់ខ្លួន ឲ្យឈរយំម្នាក់ឯង នៅកន្លែងកើតហេតុ។ បន្ទាប់ពីមានការផ្ទុះអាវុធនេះនារីជាស្រីស្នេហ៍ បានដើរចេញពីកន្លែងកើតហេតុ បាត់ស្រមោលភ្លាមៗផងដែរ។ ហើយសមត្ថកិច្ចមូលដ្ឋានក៏ បានចុះមកអន្តរាគមន៍ដល់កន្លែងកើត ហេតុ នឹងដើររកសម្បកកំទុះគ្រាប់កាំភ្លើងបានចំនួនមួយ គ្រាប់និង ពីរគ្រាប់ទៀត រកមិនឃើញឡើយ ។

ដូច្នេះការផ្ទុះអាវុធនេះ សមត្ថកិច្ចមិនអាចបញ្ជាក់ថា បង្កឡើងដោយសារ បញ្ហាអ្វីឲ្យច្បាស់នោះទេ តែបើតាមការរៀបរាប់របស់សាក្សីសន្និដ្ឋានថា ការផ្ទុះអាវុធនេះ បង្កឡើងដោយសារតែជនបង្ក ខឹងស្រីស្នេហ៍របស់ខ្លួនមិនទៅឡើងឋានសួគ៌ជាមួយ ទើបបញ្ចេញកំហឹងដោយដកកាំភ្លើង បាញ់ឡើង លើតែម្តងទៅ។         

នគរបាលមូលដ្ឋាន ប៉ុស្តិ៍ផ្សារដើមថ្កូវបានចុះមកធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងសាកសួរ សាក្សីជុំវិញ កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវតាមចាប់ជនបង្កយកមកផ្តន្ទាទោស តាមនីតិវិធីច្បាប់៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ