- នាយកុយ ដាក់ពាក្យបណ្តឹង និងអំពាវឲ្យសមត្ថកិច្ច ចាត់ការលើក្រុមហ៊ុន បង្កហេតុ
ព្រះសីហនុៈ តារាកំប្លែងជើងចាស់នាយ កុយ និងប្រជា ពលរដ្ឋជាច្រើននាក់ទៀត ស្ថិតនៅ
តាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងក្រុងព្រះសីហនុ បានរិះគន់ថា ក្រុមហ៊ុនដឹកទំនិញមួយចំនួន
ធំនៅក្នុងប្រទេសកម្ពុជា មិនខ្លាចនិងបង្ក គ្រោះថ្នាក់ចរាចរ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នក
ដទៃទេ ព្រោះពួកគេមានមានធានារ៉ាប់រង ដែលហៅថា អ៊ិន ស៊ូរិននោះ។
តារាកំប្លែង លោក ជួង ជី ហៅនាយកុយ ក្នុងឱកាសអញ្ជើញទៅធ្វើពិធីបង្សុកូលឧទ្ទិសកុសល
ដល់វិញ្ញាណក្ខន្ធកូន ប្រុសរបសខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ក្នុងខេត្តព្រះសីហនុ បាន
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមហ៊ុនរថយន្តកុងតឺន័រដឹកទំនិញមួយចំនួន អាងតែមានអ៊ិន
ស៊ូរិន បើកបរដោយមិនគោរពច្បាប់ចរាចរ និងមិន ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ពេល
មានគ្រោះថ្នាក់ម្តងៗអ្នកបើកបររត់យករួចខ្លួន ហើយការខូចខាតក្រុម ហ៊ុនធានារ៉ាប់រងជាអ្នកដោះ
ស្រាយ និងចេញសងទាំងអស់។
តារាកំប្លែង ដែលទើបបាត់បង់ជីវិតកូនប្រុសថ្មៗ ព្រោះតែគ្រោះថ្នាក់ចរាចរនោះ បានថ្លែងដោយក្តី
កំហឹងថា «ខ្ញុំចង់ និយាយថា ខ្លះអាងអីចឹងដែរ (អ៊ិនស៊ូរិន) ខ្លះគេមិនអាងទេ ពេលមានរឿងប្រុច
ទៅបាត់រួចខ្លួន ទុកឲ្យធនារ៉ាង់រងជា អ្នកសង»។
ទាក់ទងបញ្ហាគ្រោះថ្នាក់ចរាចរដែរ នាយកុយ ក៏បានរិះគន់ធ្ងន់ៗ បណ្តាក្រុមហ៊ុនទឹកទំនិញធំៗ
ដែលមានការធ្វេស ប្រហេស ជ្រើសរើសអ្នកបើកបរក្មេងៗ គ្មានក្រមសីលធម៌ក្នុងការបើកបរ
ពេលខ្លះបើកបរដោយគ្រឿងស្រវឹងថែម ទៀតផង ហើយអ្នកបើកបរខ្លះទៀតមិនគិតពីអ្វីនោះទេ
ធ្វើម៉េចឲ្យតែដឹកបានច្រើនជើង មិនគិតពីការប៉ះពាល់ដល់ អ្នកដទៃនោះទេ។ ជាពិសេសត្រូវចេះ
ពិនិត្យបច្ចេកទេសរថយន្ត ឲ្យបានត្រឹមត្រូវមុននឹងបើកបរ។
លោកបានបញ្ជាក់ថា ដូចជាករណីកូនរបស់គាត់ អ្នកបើកបររបស់ក្រុមហ៊ុន SK បង្កហេតុនោះ
មានវ័យក្មេង ដូច្នេះ ក្រុមហ៊ុនមួយនេះ គួរតែពិនិត្យឡើងវិញ បើក្មេងពេកកុំយកមកបើកបរ បើ
អ្នកបើកបរណាចូលចិត្តផឹកស្រា និងបើក បរពេលស្រវឹង គួរតែបឈ្ឈប់ពីការងារ។ «អាយុជីវិត
មិនមែនដាក់លក់តាមផ្សារនោះទេ»។
មិនខុសពីតារាកំប្លែងនាយកុយដែរ មន្រ្តីនគរបាលម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈ-
មណ្ឌលព័ត៌មាន ដើមអម្ពិលថា អ្នកបើកបររថយន្តកុងតឺន័រទាំងអស់នោះ ភាគច្រើនជាក្មេងៗ
បើកបរមិនគិតពីការបង្កគ្រោះថ្នាក់ ដល់អ្នកដទៃនោះទេ បើកព្រហើនខ្លាំងណាស់។ ពេលខ្លះ
សមត្ថកិច្ចហៅមកអប់រំ ពួកគាត់សម្តីធំៗដាក់សមត្ថកិច្ច វិញ កុំឲ្យឈឺឆ្អាលរឿងរបស់គាត់ថែម
ទៀតផង ព្រោះពួកគាត់អាងថៅកែក្រុមហ៊ុន ដែលគេដឹងថា សុទ្ធតែជាអ្នក មានអំណាច ជា
ពិសេសមានធានារ៉ាប់រង ពេលមានគ្រោះថ្នាក់រត់ឲ្យតែរួចខ្លួនទៅបានហើយ។
អ្នកបើកបរថយន្តក្រុងម្នាក់ ដែលដឹងរឿងពីការធានារ៉ាប់រងនេះ បានប្រាប់ឲ្យដឹងផងដែរថា ពេល
ទៅចុះឈ្មោះ សូមធានារ៉ាប់រង មន្រ្តីធានារ៉ាប់រង បានប្រាប់ពួកគាត់ ពេលមានគ្រោះថ្នាក់ចរាចរ
ធ្វើម៉េចព្យាយាមរត់គេចខ្លួន ឲ្យ រួច តម្លៃនៃការខូចខាតទុកគេជាអ្នកដោះស្រាយ។ ក្នុងនាមជា
អ្នកបើកបរម្នាក់ដែរនោះ បុរសជាអ្នកបើកបររូបនេះ បានបញ្ជាក់ថា ពាក្យសម្តីធានាអះអាងមួយ
ម៉ាត់នេះហើយ ដែលអាចជំរុញឲ្យអ្នកបើកបរ ក៏ដូចជាក្រុមហ៊ុនមិន ខ្លាច ហើយតែងតែប្រមាថ
ក្នុងការបើកបរ។
បញ្ហាបច្ចេកទេសរថយន្ត ក៏ត្រូវបានប្រជាពលរដ្ឋមើលឃើញថា ជាមូលហេតុងាយនឹងបង្កគ្រោះ
ថ្នាក់ផងដែរ ដូចជា ជារថយន្តស៊េរីចាស់ គ្មានភ្លើងបំភ្លឺត្រឹមត្រូវ ជាពិសេសភ្លើងស្តុបខាងក្រោយ
ខ្លះគឺគ្មានតែម្តង។ មួយវិញទៀត ដែល គេឧស្សាហ៍ឃើញកើតមាននៅតាមបណ្តោយផ្លូវជាតិ
លេខ៤ដែរនោះ រថយន្តដឹកទូកុងតឺន័រមួយចំនួន មិនបាន ដាក់គន្លឹះ ឬចាប់ខ្ចៅភា្ជប់ពីទូកុងតឺន័រ
ទៅនិងរថយន្តឲ្យបានត្រឹមត្រូវនោះទេ ដែលនេះជាហេតុងាយនឹងបង្កគ្រោះ ថ្នាក់បំផុត។
ជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរលើក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត កាលពីយប់ថ្ងៃទី៧ ខែមីនា
ឆ្នាំ២០១៣ មន្រ្តីនគរបាលម្នាក់ បានបញ្ជាក់ថា តាមពិតទៅមិនមែនរថយន្តកុងតឺន័រនោះជ្រុលទៅ
បុករថយន្តជនរងគ្រោះនោះ ទេ គឺទូរកុងតឺន័រ បានរ៉េចេញពីរថយន្តហើយបោកទៅលើរថយន្ត
ទុនត្រារបស់ក្រុមតារាចម្រៀងខេមរៈ សិរីមន្ត បង្ក ជាគ្រោះថ្នាក់ដ៏រន្ធត់បែបនេះតែម្តងទៅ។
ដូច្នេះគ្រោះថ្នាក់ចរាចរ ពិតជាមានចំណុចជាច្រើន ដែលសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន គួរតែពិនិត្យ
ឡើងវិញ និង ចាត់វិធានការជាបន្ទាន់ បើមិនចង់ឲ្យមច្ចុរាជលើដងវិថីផ្តាច់ជីវិតប្រជាពលរដ្ឋខ្មែរបន្ត
ទៀតទេនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ក្រុមគ្រួសារជនរងគ្រោះ រួមមានឪពុកខេមរៈ សិរី
មន្ត នាយកុយ និងលោកយាយ ណយ សំណាង ព្រមទាំងក្រុមគ្រួសារជនរងគ្រោះដទៃទៀត បាន
ដាក់ពាក្យបណ្តឹងទៅកម្លាំង នគរបាល ចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
រួចរាល់ហើយ។ កម្លាំងនគរបាលជំនាញ ក៏បានសន្យាផងដែរថា នឹងបញ្ជូនសំណុំរឿងមួយនេះ ទៅ
ដៃសាលាដំបូងខេត្តឲ្យបានឆាប់ជាទីបំផុត។
នាយកុយ ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះដទៃទៀត ក៏បានបញ្ជាក់ផងដែរថា បើសិនជាភាគីក្រុម
ហ៊ុនបង្កហេតុ បើកការចរចា និងសម្របសម្រួលគ្នា ពួកលោកក៏មិនប្រកាន់នោះដែរ ព្រោះគ្រោះ
អកុសលវាបានកើតឡើងហើយ តែបើក្រុមហ៊ុនមិនដោះស្រាយទេ លោកនឹងតស៊ូក្តីមួយរហូតដល់
ស្ថាប័នកំពូលៗ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល