ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមាន
វិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។ ប្រាសាទ
បុរាណជាច្រើនស្ថាបនារាយប៉ាយលើភ្នំ លើទួល និងតំបន់លិចទឹក ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។
ប្រាសាទបាណន់
ប្រាសាទបាណន់ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជាដែលបាន
កសាងមុនគេដោយព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយមកត្រូវ
បញ្ចប់ ដោយ ព្រះបាទជ័យវរ្ម័នទី៧ (១១៨១ .១២១៩)។ ប្រាសាទបាណន់ត្រូវបានកសាង
លើកំពូលភ្នំដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិត
នៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ,ម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្រប
តាមដងស្ទឹងសង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរគឺល្អាង
ព្រះទឹក និងល្អាងបិទមាស។ រមណីយដ្ឋាន ប្រាសាទបាណន់ គឺជារមណីយដ្ឋានវប្បធម៌
ប្រវត្តិសាស្ត្រផង និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាងឡើងនៅលើកំពូលភ្នំ
ប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សា ដ៏ស្រស់ត្រកាល ព្រមទាំងមានទឹកស្ទឹងសង្កែរួមជាមួយ
ផង។ ភូមិសាស្ត្រ និង បរិស្ថានជុំវិញបានផ្តល់អំនោយផលបន្ថែមទៀតលើវិស័យទេសចរណ៍
ពីព្រោះសងខាងដងផ្លូវទៅកាន់រមនីយដ្ឋាននេះសំបូរទៅដោយភោគផលដំនាំ កសិកម្មដូច
ជាស្រូវ ជាពិសេសចំការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុង ព្រះរាជាណាចក្រកម្ពុជាមានរស
ជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផលក្នុងមួយឆ្នាំ ២ ដង ហើយបានដឹកនាំទៅលក់តាមបណ្តាខេត្ត
នានានិងទីក្រុងភ្នំពេញផង។
ប្រាសាទវត្តឯក ឬ ឯកភ្នំ
ប្រសាទវត្តឯក ឬ ឯកភ្នំ ជាស្ថាបត្យកម្មរចនាបទក្នុងសតវត្សរ៍ទី ១១ កសាងឡើងនៅក្នុងឆ្នាំ
១០២៧ក្នុងរជ្ជកាល ព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ។ ប្រាសាទវត្តឯកមានទីតាំង
នៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ចំងាយ ១៥ គ.ម ពីទីរួមខេត្ត។ នៅជុំវិញប្រាសាទមានគូទឹក
មួយ សព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិ និង ការជីក
កកាយពីមនុស្ស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ប្រាសាទនេះនៅមានទ្រង់ទ្រាយល្អខ្លះ គួរ
អោយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា។
ប្រាសាទបាសែត
ប្រាសាទបាសែតត្រូវបានកសាងក្នុងរជ្ជកាល ព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០)
ដែលមានទីតាំងលើទួលមួយចំងាយ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន
ស្រុកសង្កែ។ ប្រាសាទបាសែត ជាស្ថាបត្យកម្មក្នុងស.វទី ១១ កសាងឡើងក្នុងចន្លោះឆ្នាំ
១០៣៦ ដល់ឆ្នាំ ១០៤២។ នៅក្បែរប្រាសាទនេះមានស្រះទឹកបុរាណមួយរាងការេ ២០ម៉ែត្រ
បួនជ្រុង ជំរៅ១២ម៉ែត្រ លក្ខណៈពិសេសរបស់ស្រះទឹកបុរាណនេះគឺមានទឹកខួបប្រាំង
ខួបវស្សាមិនដែលរីងស្ងួតឡើយ ។
ប្រាសាទស្នឹង
ប្រាសាទស្នឹងស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ មានចំងាយ ២២ គីឡូម៉ែត្រ ពីទីរួមខេត្ត។
ប្រាសាទស្នឹងកសាងអំពីឥដ្ឋនៅលើទួលមួយបណ្តោយ ៣០ម ទទឹង ២០ម។ តាមការ
សង្កេតមើល ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្តាប្រាសាទកសាងក្នុង
សតរត្សរ៍ទី ១២ ដែរ។ ប្រាសាទចំនួន ២ ស្ថិតនៅក្នុងបរិវេណវត្តស្នឹង និង មួយទៀតស្ថិតនៅ
ពីមុខវត្ត នៅលើបណ្តោយផ្លូវជាតិលេខ ១០ ដែលជាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅក្រុង
ប៉ៃលិន។
ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេស
ភ្ញៀវក្នុងស្រុក ក្នុងថ្ងៃសំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យ
ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃ
មានចំងាយ ១៣ គ.ម ពីទីរួមខេត្ត។ បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជា
សំពៅ មានកំពស់ ១០០ មមានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជា
ច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនាគឺ ល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។
នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។ នៅជុំវិញក្បែរភ្នំសំពៅ មានចង្កោមភ្នំ
ផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿង ព្រេងខ្មែរ រាជកុល និង នាងរំសាយ
សក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែ
ជារមណីយដ្ឋានធម្មជាតិ។ ភំ្នសំពៅស្ថិតនៅក្នុងភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់។
អាងកំពីងពួយ
អាងកំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុង ទស្សវត្សទី ៧០
ប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានពលីក្នុងការកសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិត
នៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម
ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះ
ភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាច
ផ្ទុកទឹកបានចំនួន ១១០,០០០,០០០ ម៉ែត្រគូប នៅក្នុងរដូវ វស្សា គឺជាប្រភពទឹកសំរាប់ស្រោច
ស្រព តាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។ អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍
យ៉ាងច្រើនក្នុងវិស័យ កសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបាន
ផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱយវិស័យ ទេសចរណ៍ គឺជារមណីយដ្ឋានមួយដែល
ទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់ អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជ
ទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទ ត្រី។
សេកសក
សេកសកគឺជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតនៅចំងាយ៥៦ គ.ម ពីទីរួម ខេត្ត ក្នុងភូមិ
សាស្រ្តភូមិផ្លូវមាស ស្រុករតនៈមណ្ឌល លើកំនាត់ផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០
មានទឹកហូរថ្លាឆ្វង់ហូរកាត់ដោយដុំសិលារដិបរដុបគួរជាទីមនោរម្យ។ នៅលើមាត់ច្រាំងមាន
ព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹង ត្រឈៃ។ សកម្មភាពរស់នៅរបស់ប្រជាជននៅ
ក្បែរតំបន់នេះគឺពឹងទៅលើការធ្វើ ស្រែចំការ។ ដំនាំទាំងអស់នេះគឺ សណ្តែកដី សណ្តែកបាយ
ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។
ស្ទឹងចំលងគួយ
រមនីយដ្ឋានស្ទឹងចំលងគួយ គឺជារមនីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យ
ស្រុកសំឡូត មានចំងាយ ៨២គ.ម ពីទីរួមខេត្តបាត់ដំបង។ ស្ទឹងចំលងគួយ ជាស្ទឹងមួយហូរ
កាត់មកស្ទឹងសង្កែរ មានទេសភាពគួរជាទីត្រេកត្រអាល មានទឹកថ្លាឆ្វង់ហូរកាត់ថ្មដាធំៗ នៅ
មាត់ស្ទឹងមានដើមឈើធំៗម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ភ្ញៀវ ទេសចរជាតិនិង
អន្តរជាតិ ដែលបានទៅកំសាន្តទីនោះ។ ភូមិសាស្ត្រនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អ
ប្រណិតដូចជាក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្បែរ
តំបន់នេះ ភាគច្រើនប្រកបរបរធ្វើស្រែចំការ។
បន្ទាយសត្វ
បន្ទាយសត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ ស្ថិតនៅក្នុងភូមិកោះជីរាំង ឃុំកោះជី
រាំងស្រុកឯកភ្នំ មានចំងាយ ១០៥ គ.ម ពីទីរួមខេត្តបាត់ដំបង។ បន្ទាយសត្វជាព្រៃរនាមជាប់
ព្រំប្រទល់ ទន្លេសាប គឺគេអាចទៅទស្សនាបានដោយធ្វើដំនើរតាមផ្លូវទឹកមានកាណូតទូកជា
ដើម នៅរដូវវស្សាតាមដងស្ទឹងសង្កែ៕
ប្រភពពី៖ battambanglife.wordpress