(ភ្នំពេញ)៖ គួរឲ្យស្តាយក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា បន្តខកខិត្តមិនអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 បន្ទាប់ពីចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-១ ដែលទើបបញ្ចប់មុននេះ ក្នុងវគ្គសន្សំពិន្ទុពូល B។
ការចាប់ផ្តើមលេងនាទីដំបូង កម្ពុជាមានឱកាសវាយសម្រុករហូតដល់រកបាន១គ្រាប់មុននៅនាទីទី១៤ ពីការធ្វើបានសម្រេចដោយកីឡាករ សុះ ស៊ូហាណា ពាក់ស្លាកលេខ១២ ជាមួយនឹងឱកាសបាល់ដាច់មាត់ជាច្រើនលើកទៀត តែធ្វើមិនបានសម្រេច ដោយត្រូវបានមីយ៉ាន់ម៉ាវាយបកឈ្នះ ២-១ វិញនៅនាទីទី៣៥ និងនាទីទី៤០ ក្នុងវគ្គទី១ នៅពហុកីឡដ្ឋាន THUWUNNA ស្ថិតក្នុងទីក្រុង YANGON ប្រទេសមីយ៉ាន់ម៉ា។
តែយ៉ាងណាក៏ដោយ កម្ពុជាបានបន្តរបូតគ្រាប់ទី៣ទៀត នៅនាទីទី៥៦ ដើមវគ្គទី២ ដែលធ្វើឲ្យការប្រកួតមានគម្លាតគ្នា ជាខ្លាំងរហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ៩០នាទី កម្ពុជា ១ និងសហភាពមីយ៉ាន់ម៉ា ៣។
កម្ពុជា នៅសល់១ប្រកួតបង្រ្គប់កិច្ចទល់នឹងក្រុមជម្រើសជាតិវៀតណាម គ្រាដែលមីយ៉ាន់ម៉ា ត្រូវជួបក្រុមម៉ាឡេស៊ី ដែលរកបាន៣ពិន្ទុក្នុងដៃដូចគ្នា ដើម្បីប្រជែងយកកៅអីឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រាដែលវៀតណាមបានកក់កៅអី១បាត់ទៅហើយ បន្ទាប់ពីឈ្នះម៉ាឡេស៊ី ១-០ នាយប់ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះដូចគ្នា៕
https://fb-s-d-a.akamaihd.net/h-ak-xfp1/v/t1.0-9/15085687_1809642535941930_2100357289636622499_n.png?oh=a4eda9e91645e56971cceeacfdc69a59&oe=58C3925B&__gda__=1489080348_1303832d571cd39d1eb579edd55d3f7b
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង