CamNews

ព័ត៌មានជាតិ 

សពស្រ្តី ដែលស្លាប់ហើយ សាច់ញាតិថា រស់ឡើងវិញ នឹងធ្វើពិធីបូជា នៅរសៀលថ្ងៃនេះហើយ

អាន៖ ស្រ្តីដែលគេផ្អើលថា ស្លាប់ រៀបនឹងបូជា បែរជារស់ឡើងវិញ ពេលនេះ រោងបុណ្យសព នៅបន្តធ្វើ សេរ៉ូមនៅតែព្យួរ

ព្រៃវែង ៖ ស្រ្តីឈ្មោះ ចាន់ ស្រីរ័ត្ន ដែលលេបថ្នាំសម្លាប់ខ្លួន កាលពីថ្ងៃទី២១ ខែធ្នូ ហើយនៅថ្ងៃទី២៣ ខែធ្នូ សាច់ញាតិ អះអាងថា នាងនៅរស់ ខណៈកំពុងតម្កល់ធ្វើបុណ្យសពនៅឯស្រុកកំណើតនោះ ឥឡូវនាងបានស្លាប់ពិតប្រាកដ ហើយ ដោយក្រុមគ្រួសារនឹងរៀបចំធ្វើពិធីបុណ្យសព និងបូជា នៅរសៀលថ្ងៃនេះហើយ នាវត្តឧត្តមសមាគម ដែល មានទីតាំងនៅឃុំព្រែកខ្សាយក ស្រុកពាមរ៍ ខេត្តព្រៃវែង ។

ការសន្មត់ថា ជីវិតរបស់នាងអស់ ត្រូវបានសាច់ញាតិសម្រេចធ្វើការលើកដាក់ចូលមឈូសទាំងអាលោះអាល័យកាល ពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញនេះ ខណៈក្រុមគ្រួសារហៅគ្រូពេទ្យមកធ្វើការពិនិត្យសារជាថ្មី ហើយ ត្រូវបានគ្រូពេទ្យបញ្ជាក់ជាលើកចុងក្រោយថា នាងមិនអាចរស់ឡើងវិញនោះទេ គឺពិតជាស្លាប់ប្រាកដណាស់ ទើប ក្រុមគ្រួសារដាច់ចិត្តដោះសេរ៉ូម ដកអុកស៊ីហ្សែន ហើយធ្វើពិធីលើកដាក់មឈូស ដើម្បីត្រៀមដង្ហែយកទៅធ្វើពិធីបូជា នៅរសៀលថ្ងៃនេះ ។

ការសន្មត់របស់គ្រូពេទ្យ ដែលអះអាងថា នាង ចាន់ ស្រីរ័ត្ន ពិតជាស្លាប់ ដោយមិនអាចរស់ឡើងវិញ ដូចអ្វីដែលសាច់ ញាតិសង្ឃឹមនោះ ដោយសារតែរាងកាយនៃសពហើមជាំពេញទាំងខ្លួន មានហូរឈាមចេញតាមមាត់ ច្រមុះ និងភ្នែក រួមទាំងមានបែកទឹករងៃចេញតាមស្បែកផងដែរ ទើបសន្មត់ថា នាងពិតជាស្លាប់មែន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ មានការភ្ញាក់ផ្អើលនៅក្នុងពិធីបុណ្យសពមួយ នាតំបន់ អ្នកលឿងត្រើយខាងកើត ដោយសារតែសពគឺជាស្រ្តីមានវ័យជាង ២០ឆ្នាំម្នាក់ ខណៈដែលសាច់ញាតិធ្វើការលាង ចំអាស់ដើម្បីរៀបចំលើកដាក់មឈូស ត្រៀមយកទៅបូជា បែរជាសាច់ញាតិអះអាងថា កូនស្រីរបស់គាត់ ស្លាប់ហើយ រស់ឡើងវិញ ព្រោះតែសភាពនៃសពមានជីពចរ សាច់នៅក្តៅ មិនប្រែប្រួលខុសប្រក្រតី ដូចសពអ្នកដទៃនោះឡើយ។ ខណៈការផ្អើលឆោឡោថា កូនស្រីដែលស្លាប់ទៅហើយ រស់ឡើងវិញនេះ បានធ្វើឲ្យសាច់ញាតិហៅគ្រូពេទ្យមកពិនិត្យ និងព្យួរសេរ៉ូម រួមទាំងបញ្ចូលអុកស៊ីហ្សែនផងដែរ មិនតែប៉ុណ្ណោះ ក៏បាននិមន្តព្រះសង្ឃមកធ្វើពិធីសូត្រមន្ត អន្ទង ព្រលឹងផងដែរ ហើយសពរបស់នាងត្រូវបានសាច់ញាតិធ្វើពិធីជួយសង្រ្គោះនៅនឹងផ្ទះអស់រយៈពេល ៣ថ្ងៃ ទើបសន្មត់ ថា នាងពិតជាស្លាប់ប្រាកដមែន ។

នាង ចាន់ ស្រីរ័ត្ន ត្រូវបានគេដឹងថា បានលេបថ្នាំសម្លាប់ខ្លួនកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាទីកន្លែងផ្ទះជួល ដែលនាងជួលស្នាក់នៅ ។ មូលហេតុនៃការលេបថ្នាំសម្លាប់ ខ្លួនខាងលើនេះ ត្រូវបានគេអះអាងថា ដោយសារតែនាងមានជម្លោះជាមួយប្តីទី២ ពីរឿងនាងសុំទៅលេងកូនបង្កើត ចំនួន ២នាក់ ដែលរស់នៅជាមួយប្តីទី១ តែប្តីក្រោយមិនព្រមឲ្យទៅ ទើបកើតជាជម្លោះរហូតដល់លេបថ្នាំងងុយដេក ចំនួន ៨០គ្រាប់ សម្លាប់ខ្លួនតែម្តងទៅ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Prey Veng