CamNews

ព័ត៌មានជាតិ 

លោក ប៉ាវ ស៊ីណា សុំអន្តរាគមន៍ ពីក្រសួងមហាផ្ទៃ ស៊ើបអង្កេត ក្នុងករណី គំរាមសម្លាប់

ភ្នំពេញ ៖ ក្រោយការគំរាមសម្លាប់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ បានដាក់លិខិតសុំអន្តរាគមន៍ ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើក ការស៊ើបអង្កេតក្នុងករណីនេះ ។

នៅក្នុងលិខិតផ្ញើទៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភ នេះ លោក ប៉ាវ ស៊ីណា បានស្នើឲ្យក្រសួង បើកការស៊ើបអង្កេតចំពោះលោក សា លីម ជនជាតិចិន មានតួនាទីផ្នែកគ្រប់គ្រងរដ្ឋបាល នៅក្រុមហ៊ុន Beautiful Window (Cambodia) មានទីតាំង ស្ថិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តសៀមរាប ។

លោក ប៉ាវ ស៊ីណា បញ្ជាក់ថា លោក សា លីម បានប្រាប់ទៅមន្ត្រីសហជីព៣រូប របស់លោកថា ថៅកែ រោងចក្រមួយ ចំនួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេតហាធេន ក្រុងបាវិត បានរៃលុយគ្នាជួលមនុស្ស សម្លាប់មេសហជីព របស់ពួក លោក គឺ ប៉ាវ ស៊ីណា ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅមិនទាន់ទទួលបាន លិខិតអន្តរាគមន៍ ពីលោក ប៉ាវ ស៊ីណា នៅឡើយទេ ។ តែលោក ខៀវ សុភ័គ បាន ប្រកាសស្វាគមន៍ ចំពោះលិខិត អន្តរាគមន៍ និងបើកការស៊ើបអង្កេតលើសំណុំរឿងនេះ ។

លោក ប៉ាវ ស៊ីណា ត្រូវបានគេស្គាល់ថា ជាប្រធានសហជីពមួយរូប ក្នុងចំណោមប្រធានសហជីព ទាំងប្រាំបី ដែលតែង តែធ្វើសកម្មភាពតវ៉ា ដើម្បីប្រយោជន៍កម្មករ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP