-ម្ចាស់ហាង កញ្ញា សៀង ម៉ី សាច់សខ្ចី ចេញមកជេរ អ្នកកាសែត និងគំរាមប្តឹង
-កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងរឹបអូសម៉ូតូចំនួន២គ្រឿង
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ រួមមាន កម្លាំងនគរបាលខណ្ឌសែនសុខ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល-ធ្ងន់ រាជធានីភ្នំពេញ និងកម្លាំង អាវុធហត្ថ នៅវេលាម៉ោង ១រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ បាននិងកំពុងធ្វើការឡោមព័ទ្ធ ហាងកែសម្ផស្សមួយកន្លែង ដែលមាន ម្ចាស់ហាងឈ្មោះ សៀង ម៉ី ស្ថិតនៅតាមផ្លូវលេខ ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីតាមចាប់ចោរប្លន់ម៉ូតូដ៏សកម្មម្នាក់ ក្រោយពីបានចូលទៅក្នុងហាងមួយនេះ ។
មន្ដ្រីនគរបាលមូលដ្ឋាន ដែលចូលរួមក្នុងប្រតិបត្ដិការ ចាប់ចោរប្លន់ខាងលើ បាននិយាយថា មុនពេលកើត ហេតុ ជនសង្ស័យរូបនេះ ជិះម៉ូតូស៊េរីធំមួយគ្រឿង តាមផ្លូវលេខ ២៧១ មុខផ្សារទំនើបសុវណ្ណា ស្រាប់តែ ពេលនោះ បុរសម្នាក់ឈ្មោះ អ៊ាង វិច្ឆិកា អាយុ ២២ឆ្នាំ ដែលឃើញម៉ូតូជារបស់ខ្លួន ត្រូវចោរប្លន់កាលពី ពេលកន្លងទៅថ្មីៗនេះ ក៏ជិះតាមពីក្រោយ រហូតដល់ហាងកែសម្ផស្សខាងលើ ទើបរាយការាណ៍ជូន សមត្ថកិច្ច ចុះទៅឡោមព័ទ្ធតែម្ដង ។
មន្ដ្រីនគរបាលបានបន្ដទៀតថា ជនរងគ្រោះបានប្រាប់សមត្ថកិច្ច ឱ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ខ្លួនបានបាត់ម៉ូតូនៅម្ដុំផ្លូវរថភ្លើង ត្រឡោកបែក ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូនៅមុខផ្សារសុវណ្ណា ហើយស្គាល់ច្បាស់ថា ជាម៉ូតូរបស់ខ្លួន ក៏ជិះតាម ពីក្រោយរហូតដល់ចំណុចកើតហេតុខាងលើនេះ។
សេចក្ដីរាយការណ៍កន្លែងកើតហេតុ នៅពេលដែល សមត្ថកិច្ច និងអ្នកកាសែត ចុះទៅថត និងយកព័ត៌មាន ស្រាប់តែនារីឈ្មោះ សៀង ម៉ី ជាម្ចាស់ហាង ចេញមកចង្អុលមុខ និងជេរអ្នកកាសែត ព្រមទាំងសមត្ថកិច្ច ហើយគំរាមប្ដឹងទៀតផង។
យ៉ាងណាក៏ដោយ រហូតដល់វេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងបន្ដឡោមព័ទ្ធ ដើម្បីចាប់ចោរប្លន់ ដែលកំពុងលាក់ខ្លួន នៅចំណុចកើតហេតុខាងលើនេះ។
ក្រោយការចុះឆែកឆេរ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងម៉ូតូចំនួន២គ្រឿង ដែលពួកគេ បានប្តូរស្លាកលេខ ហើយកញ្ញា សៀង ម៉ី អាចនឹងត្រូវឃាត់ ខ្លួនផងដែរ ពីព្រោះអាចជាប់ពាក់ព័ន្ធ និងសកម្មភាពប្លន់ នាពេលកន្លងទៅ ដោយផ្តល់ទីតាំងដល់ក្រុមចោរប្លន់ទាំងនោះ ៕
ម៉ូតូរបស់ជនរងគ្រោះ ដែលចោរប្តូរស្លាកលេខ
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល