CamNews

ព័ត៌មានជាតិ 

រវល់ទូរស័ព្ទហៅ សង្សារដើរលេង ត្រូវចោរវាយទ្រមខ្លួន ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ ៖ ក្រោយពីនាំគ្នាទទួលទាន សាច់ក្លែម និងផឹកទឹកត្នោតជូរ នៅម្ដុំសួនកំសាន្ដ ចំការ
ព្រីង បុរស០២ នាក់ បាននាំគ្នាជិះម៉ូតូ ទៅរកមិត្ដស្រី ខណៈដែលកំពុង ឈរទូរស័ព្ទហៅស្រី
ស្នេហ៍ ចេញក្រៅផ្ទះ ត្រូវចោរមួយក្រុម វាយប្លន់បណ្ដាល ឲ្យបែកមុខបែកមាត់ រួចយកម៉ូតូជិះ
ចេញទៅបាត់ ដោយសុវត្ថិភាព។

នគរបាល មូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍នេះបាន កើតឡើងកាលពី វេលាម៉ោង២២
និង១៥នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ នៅខាងក្រោយ ក្រុមហ៊ុន តូយ៉ូតា ច្រកផ្លូវលំ
ចូលទៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមនគរបាលបាន ឲ្យដឹងថា ជន
រងគ្រោះមាន ឈ្មោះ សំ សាវន អាយុ២៦ឆ្នាំ មានមុខរបជា កម្មករសំណង់ ជាម្ចាស់ម៉ូតូ ម៉ាក
សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-4605 ត្រូវក្រុមចោរយក ទៅបាត់។

ចំណែកម្នាក់ទៀត ឈ្មោះ ហ៊ីម វណ្ណៈ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ។ ប្រភពពីនគរបាល ដដែលបញ្ជាក់ ទៀតថា មុនពេល កើតហេតុ ជនរង
គ្រោះបាន បបួលគ្នាទៅ ផឹកទឹកត្នោតជូរ នៅម្ដុំចំការព្រីង រហូតដល់ម៉ោង ប្រហែល២១
ពួកគេបាននាំគ្នា មករកស្រីស្នេហ៍ ដែលមានផ្ទះម្ដុំកើតហេតុ ដើម្បីបន្ដដើរលេង ពេលរាត្រី
ឲ្យសប្បាយ ។

ពេលដែល កំពុងឈរ និយាយទូរស័ព្ទហៅសង្សា ឲ្យចេញ ក្រៅផ្ទះ ស្រាប់តែមាន មនុស្ស
មួយក្រុមមាន គ្នា០៦នាក់ ជិះម៉ូតូ០៣គ្រឿង មិនចាំម៉ាកទេ បានមកឈប់ ជិតហើយវាយ
ប្រហារបណ្ដាល ឲ្យបុរសជាម្ចាស់ ម៉ូតូបែកមុខ បែកមាត់ ចំណែកម៉ូតូ ត្រូវក្រុមចោរយកទៅ
បាត់ដោយសុវត្ថិភាព ។ ដោយឡែក ជនរងគ្រោះវិញបាន ត្រឹមនគរបាលប៉ុស្ដិ៍ទឹកថ្លា សួរនាំ
និងដាក់ពាក្យ បណ្ដឹងទុកចោលប៉ុណ្ណោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ