បន្ទាយមានជ័យៈ ស្ត្រីជាភរិយាបានរងរបួសធ្ងន់ ខណៈប្តី រត់គេចខ្លួនរួច ក្នុងការបាញ់ប្រហារ
ដ៏សាហាវព្រៃផ្សៃ ពីសំណាក់ជនជាតិសៀម ពេលដែលប្តី-ប្រពន្ធរងគ្រោះមួយគូចូលទៅស៊ីឈ្នួល
ធ្វើចំការលើទឹកដីថៃ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី
២០ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅខាងជើងភ្នំដងរ៉ែក ភូមិណងទឹម ឃុំថាប់ស្តេច ស្រុកប្រាយ៉ា ខេត្ត
ស្រះកែវ ប្រទេសថៃ ឈមគ្នានិង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមាន
ជ័យ ប្រទេសកម្ពុជា។
លោក ម៉ង់ ស៊ី មេប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងត្រកួន បានឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ
២០១៣ថា ពិតជា មានករណីបាញ់ប្រហារពីសំណាក់ជនជាតិថៃពិតប្រាកដមែន។ ស្ត្រីជាភរិយា
ដែលរងរបួសធ្ងន់ មានឈ្មោះ រុន ចន្ថា អាយុ ៤៧ឆ្នាំ រីឯប្តីឈ្មោះ ញ៉ាញ់ មិនរងរបួសនោះទេ ព្រោះ
រត់គេចខ្លួនទាន់។
តែទោះជាយ៉ាងណា ស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងប្រទេសថៃ
ផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល