CamNews

ព័ត៌មានជាតិ 

ជនបរទេស ពឹងឲ្យជួយថតរូប ឆ្លៀតឱកាស យកកាម៉េរ៉ារត់ ត្រូវជាប់ខ្នោះ

ភ្នំពេញ : កម្លាំងនគរបាល ប៉ុស្តិ៍វត្តភ្នំ ខណ្ឌដូនពេញ បានដេញចាប់ជនសង្ស័យ ក្រោយពីធ្វើសកម្មភាព ឆក់យកកាម៉េរ៉ាថតរូត របស់បុរសជនជាតិអាល្លឺម៉ង់ នៅពេលដែលជនរងគ្រោះ បានពឹងឲ្យជនសង្ស័យ ជួយថតរូប កាលពីវេលាម៉ោង ៩ និង៥៥នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅខាងជើង រមណីយដ្ឋានវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

មន្រ្តីនគរបាលប៉ុស្តិ៍វត្តភ្នំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំង សមត្ថកិច្ចចាប់ខ្លួនខាងលើនេះ មាន ឈ្មោះ ផានិត អាយុ ២២ឆ្នាំ ជាអ្នករើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។ ដោយឡែកជន រងគ្រោះ មាន ឈ្មោះ Wolfgang franz Emil Stammea ជនជាតិអាល្លឺម៉ង់ អាយុ ៧២ឆ្នាំ ជាភ្ញៀវទេសចរ ស្នាក់នៅ សណ្ឋាគាររីវើផាឡេស ស្ថិតនៅផ្លូវជាតិលេខ ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះ បានដើរតែម្នាក់ឯង ចេញពីសណ្ឋាគារឆ្ពោះមក រមណីយដ្ឋានវត្តភ្នំ តាមផ្លូវព្រះស៊ីសុវត្ថិ ស្រាប់តែជនសង្ស័យឃើញ ដោយមានកាន់កាម៉េរ៉ាថត រូប ផងនោះ ក៏ដើរតាម ពីក្រោយ ។

សមត្ថកិច្ចបានបន្តទៀតថា ខណ:ដែលជនរងគ្រោះ ធ្វើដំណើរមកដល់ចំណុចខាងជើងវត្តភ្នំ ក៏បាន ពឹងជន សង្ស័យជួយថតរូបឲ្យ ស្រាប់តែភ្លាមៗនោះ ជនសង្ស័យក៏យកកាម៉េរ៉ារត់គេចខ្លួនបាត់ ។ ដោយឃើញ បែប នេះ ជនរងគ្រោះបានដេញតាមពីក្រោយ និងស្រែកឆោឡោ គាប់ជួនកម្លាំងនគរ បាលប៉ុស្តិ៍ វត្តភ្នំនៅក្បែរ នោះក៏បានដេញតាមចាប់បានតែម្តង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។

គួរកត់សម្គាល់ថា ដោយមានការណែនាំពីសំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ដើម្បីទប់ស្កាត់បទ ល្មើសនានា ក្នុងរាជធានីភ្នំពេញនោះ អធិការនគរបាល ខណ្ឌដូនពេញ លោក ហ៊ុន សុធី និងអធិការរងទទួលផែនព្រហ្មទណ្ឌ លោក ញ៉ែម សៅណុល បានជំរុញឲ្យមន្រ្តី នគរ បាលតាមបណ្តាប៉ុស្តិ៍ ចុះល្បាតជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចករណីបទល្មើសខាងលើនេះ បើ សិនពុំមាននគរបាល ប្រចាំការនៅក្បែរកន្លែងកើតហេតុទេ ច្បាស់ជាមិនអាចចាប់ជនល្មើសបានឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ